(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ រួមជាមួយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រតិភូអមដំណើរជាច្រើនទៀត បានអញ្ជើញបញ្ចុះបឋមសិលា សាងសង់អាគារសិក្សា នៃសាលាបឋមសិក្សាព្រៃទទឹង ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា សមិទ្ធផលថ្មី នៅក្នុងបរិវេណសាលាបឋមសិក្សាព្រៃទទឹង ដែលត្រូវសាងសង់ នាពេលនេះមានដូចជា អគារសិក្សា ២ខ្នង មានកម្ពស់ ២ជាន់ ចែកចេញជា ២០បន្ទប់ និងបណ្ណាល័យ ១ខ្នង ព្រមទាំងចាក់សាប នាបរិវេណសាលា ដែលទាំងនេះជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ម្យ៉ាងទៀតសមិទ្ធផលថ្មីនេះ អាចនិយាយបានថា ជាចំណងដៃប្រវត្តិសាស្រ្ត សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរបស់យើង ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា ដើម្បីឲ្យការលើកកម្ពស់គុណភាពអប់រំ នៅសាលាបឋមសិក្សាព្រៃទទឹង ទទួលបានជោគជ័យ និងដើម្បីប្រែក្លាយសាលានេះ ជាសាលាគំរូមួយ ដែលប្រកបដោយគុណភាព ស្របតាមបំណងប្រាថ្នា របស់សម្ដេចអធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជាការចូលរួមអនុវត្តកម្មវិធីនយោបាយ ជាពិសេសវិធានការគន្លឹះទី ២ របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព គឺទាមទារឲ្យមានការសហការ ពីគ្រប់តួអង្គពាក់ព័ន្ធ ក៏ដូចជាការចូលរួមពីសំណាក់សាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ទាំងមូល ត្រូវចូលរួមអនុវត្តដូចខាងក្រោម៖

*ទី១៖ សម្រាប់សាលារៀន ត្រូវរៀបចំបរិស្ថានស្អាត គ្មានសំរាម មានអនាម័យនិងសុវត្ថិភាព សាកសមជាទីកន្លែងអប់រំការបណ្ដុះបណ្ដាលប្រកបដោយគុណភាព សមត្ថភាព វិន័យ និងសីលធម៌ខ្ពស់ ។
*ទី២៖ សម្រាប់លោកគ្រូ អ្នកគ្រូ ត្រូវដើរតួជាឪពុកម្ដាយទី២ ជាទីប្រឹក្សា និងជាអ្នកខិតខំប្រឹងប្រែងបង្ហាត់បង្រៀន អប់រំទូន្មាន និងតម្រង់ទិសសិស្សានុសិស្ស ហើយត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្រ្តបង្រៀន។
*ទី៣៖ សម្រាប់មាតាបិតា អាណាព្យាបាល ត្រូវលើកទឹកចិត្ត និងជំរុញកូនៗឲ្យរៀនសូត្រ ត្រូវតាមដានសៀវភៅសិក្ខាគារិក សហការជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការតាមដាន ការសិក្សា អត្តចរិត សីលធម៌ របស់កូនៗ ទាំងនៅក្នុងគ្រួសារ នៅសាលារៀន និងនៅក្នុងសហគមន៍។
*ទី៤៖ សម្រាប់សិស្សានុសិស្ស ត្រូវខិតខំរៀនឲ្យបានពូកែ ស្ដាប់ដំបូងមានឪពុកម្ដាយ និងលោកគ្រូ អ្នកគ្រូឲ្យបានខ្ជាប់ខ្ជួន ត្រូវចេះគោរពនិងដឹងគុណឪពុកម្ដាយ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ និងចេះស្រឡាញ់បងប្អូន នឹងត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ឬការប្រព្រឹត្តអំពើអបាយមុខ ដើម្បីក្លាយខ្លួនទៅជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ។
*ទី៥៖ សម្រាប់អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគាំទ្រឲ្យបានយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។

ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរួមគ្នាសម្រេចបានជោគជ័យ នូវការលើកកម្ពស់គុណភាពអប់រំ ចាប់តាំងពីកម្រិតបឋមសិក្សា និងក្លាយជាមូលដ្ឋាន ដ៏សំខាន់សម្រាប់ការផលិតបាន នូវមូលធនមនុស្ស ប្រកបដោយសក្តានុពល នៅជំហានបន្ទាប់ ទាំងនៅកម្រិតមធ្យមសិក្សា ទាំងនៅកម្រិតឧត្តមសិក្សា ហើយដែលមូលធនទាំងនេះ និងក្លាយជាទំពាំងស្នងឬស្សីរបស់ជាតិ និងជាធនធានមនុស្ស ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម និងប្រទេសជាតិនាពេលអនាគត៕