(បាត់ដំបង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានថ្លែងទៅកាន់ប្អូនៗកុមារពិការ និងគថ្លង់ថា សូមកុំអស់សង្ឈឹម ហើយត្រូវគិតថា ប្អូនក៏ជាមនុស្ស ដូច្នេះក៏មានសមត្ថភាពអាចធ្វើអ្វីមួយបាន ដែលពេលខ្លះប្អូនធ្វើល្អជាងមនុស្សមានកាយសម្បទាគ្រប់គ្រាន់ទៅទៀត។
ការថ្លែងបែបនេះរបស់ លោក ស សុខា ធ្វើឡើងក្នុងពេលលោក ចុះសួរសុខទុក និងសំណេះសំណាល ជាមួយប្អូនៗ កុមារពិការ និងគថ្លង់ ក្នុងអង្គការកុមារពិការ និងកុមារគថ្លង់ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ នៅខេត្តបាត់ដំបង។
លោក ស សុខា បានបញ្ជាក់ថា «សូមប្អូនៗគិតថា ប្អូនក៏ជាមនុស្ស ដូច្នេះក៏មានសមត្ថភាពអាចធ្វើអ្វីមួយបាន ដែលពេលខ្លះធ្វើបានល្អជាងមនុស្ស មានកាយសម្បទាគ្រប់គ្រាន់មួយចំនួនទៀតផង ហើយសូមកុំអស់សង្ឃឹម សូមកុំគិតថាប្អូនមិនអាច គប្បីគិតថា ប្អូនអាច»។
ជាមួយគ្នានេះដែរ ក្រុមការងាររបស់ លោក ស សុខា ក៏បានចែកជូនប៊ិច សៀវភៅ១២៤ឃីដ ដល់ប្អូនៗ១២៤នាក់ ដោយក្នុងនោះថវិកាម្នាក់១០,០០០រៀល ចំណែកលោកគ្រូ អ្នកគ្រូ៣២នាក់ ម្នាក់ៗ២០,០០០រៀល ក្រៅពីនេះ លោក ក៏បានឧបត្ថម្ភថវិកា៣០ម៉ឺនរៀល ដល់អង្គការ និងផ្ដល់កុំព្យូទ័រពីរគ្រឿង និងបន្តស្វែងរកមួយចំនួនទៀតឧបត្ថម្ភនាពេលក្រោយ៕