(ភ្នំពេញ)៖​ លោកស្រី​ មឹន មាណវី និងលោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោក​ ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជេីញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីរាជការវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តំណាងសាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ និងតំណាងក្រុមហ៊ុន DAON DAOL។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានធ្វេីឡេីងនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅសាលសហសិក្សា វិទ្យាស្ថានតេជោសែន សាធារណការ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្ដិការក្នុងក្របខណ្ឌអប់រំ និងបណ្ដុះបណ្ដាល ក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្ដុភារកម្ម។

តាមរយៈកិច្ចសហប្រតិបត្ដិការនេះ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងមានលទ្ធភាពបង្កើនសមត្ថភាពបណ្ដុះបណ្ដាលរបស់ខ្លួនបន្ថែមទៀត តាមរយៈការផ្លាស់ប្ដូរគ្រូឧទ្ទេស បុគ្គលិក និស្សិត ការបង្កើតកម្មវិធីសិក្សា ការសិក្សាស្រាវជ្រាវរួមគ្នា និងការអនុវត្ដគម្រោងរួមគ្នាផ្សេងទៀត ដោយសារសាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ ជាសកលវិទ្យាល័យដ៏ធំមួយនៅប្រទេសកូរ៉េ ដែលមានកម្មវិធីបណ្ដុះបណ្ដាល និងបង្រៀនលើជំនាញឯកទេស ដូចគ្នានឹងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន៕