(ភ្នំពេញ)៖​ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤​ បានទទួលជួបពិភាក្សាស្តីពីការស្នើសុំ ODA សម្រាប់គម្រោង ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាពនៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា ជាមួយគណៈប្រតិភូ នៃសាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ ។

ជំនួបនេះមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ លោក Kim Hyun សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ និងសហការី ក្រុមហ៊ុន Daon Daol Cambodia ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីរាជការ សរុបចំនួន ១៦រូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ជាពិសេសរាយការណ៍អំពីដំណើរនៃការស្នើសុំ ODA ធ្វើយ៉ាងណាដើម្បីទទួលបានការអនុម័តពីរដ្ឋាភិបាលកូរ៉េ សម្រាប់គម្រោង សុវត្ថិភាពនៅតំបន់សាលារៀន-Safe School Zone ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះ មានគោលដៅចំនួនបី គឺ៖ ១. ការបំពាក់បរិក្ខារសុវត្ថិភាពតាមតំបន់សាលារៀន ២. ការបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយ និង៣. ការបង្កើតក្រុមអ្នកស្ម័គ្រចិត្ត៕