(ភ្នំពេញ)៖ ក្រុមការងារ ១០០រាត្រី ដែលមាន លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី បានសិក្សាឃេីញថា គ្មានការបណ្ដេញពលរដ្ឋចេញពីតំបន់អង្គរទៅរុនតាឯក និងពាក់ស្នែង ដោយការបង្ខិតបង្ខំ ដូចអ្វីដែលសារព័ត៌មានបរទេស និងវិទ្យុបរទេសលេីកឡេីងទេ។
លោក មួង សូនី និងក្រុមការងារ ជាសង្គមស៊ីវិល ដែលបានចុះទៅដល់តំបន់រុនតាឯក និងពាក់ស្នែង។ លោកឃើញថា ទិដ្ឋភាពជាក់ស្តែងគឺ ខុសពីការលើកឡើងរបស់សារព័ត៌មានបរទេស និងវិទ្យុបរទេសលេីកឡេីង ដែលមានការវាយប្រហារទៅលើរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា ក្រោយជួបសម្ភាសជាមួយប្រជាពលរដ្ឋប្រមាណ ១០០នាក់ ប្រជាពលរដ្ឋទាំងអស់បានអះអាងថា មិនមានការបណ្តេញចេញដោយបង្ខំនោះទេ ហើយផ្ទុយទៅវិញពួកគាត់បានសម្តែងការសប្បាយចិត្ត នឹងដឹងគុណចំពោះប្រមុខរដ្ឋាភិបាល ដែលបានរៀបចំទីតាំងឱ្យគាត់រស់នៅដ៏ល្អ។
បើតាម លោក មួង សូនី, ការអភិវឌ្ឍនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង គឺជាគំរូដ៏ល្អមួយសម្រាប់ប្រទេសក្នុងពិភពលោក ដែលកម្ពុជាបានធ្វេីការផ្លាស់ប្ដូរទីលំនៅឱ្យប្រជាពលរដ្ឋបានយ៉ាងល្អ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលរាជរដ្ឋាភិបាលអាចបង្កើតហេដ្ឋារចនាសម័្ពន្ធ ទឹកភ្លើង សួនច្បារ សាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាស្រុក សាលាឃុំ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅបានយ៉ាងសុខដុមរមនាផងដែរ៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី៖