(ភ្នំពេញ)៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ-រក្សាទុក និងដឹកជញ្ចូនសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ជាមួយថ្នាំញៀន៣៨០ក្រាម និងសារធាតុផ្សំ ១០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីនគរបាលជាន់ខ្ពស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២២៖៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្រ្កាបនៅចំណុច តាមបណ្តោយផ្លូវ៤២៨ កែងផ្លូវ៩៥ សង្កាត់បឹងត្របែក​ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តឈានទៅពន្លាតការស៊ើបអង្កេត ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ឆែកឆេរនៅចំណុច ផ្ទះលេខ៤ ក្រុមទី១ ភូមិធ្លក ឃុំស្វាយរំពា ស្រុកបសេឋ ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនេះកម្លាំងជំនាញ ឃាត់ខ្លួនជនល្មើស ១នាក់ ឈ្មោះ​ ហ័ង ឈីនអ៊ី​ ភេទប្រុស​ ឆ្នាំកំណើត១៩៩៤​ ជនជាតិចិន (តៃវ៉ាន់)។ សម្រាប់វត្ថុតាងចាប់យកបានរួមមាន៖ គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ៣២០.៨៧ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ១២.៣៨ក្រាម និងគ្រឿងញៀនប្រភេទនីមេតាហ្សេប៉ាម (Nimetazepam) ៧៤.០៣ក្រាម។ សរុបគ្រឿងញៀនចាប់យក ៣៨០.២៨ក្រាម និងសារធាតុមិនច្បាស់១០០៧០ក្រាម (១០គីឡូ និង៧០ក្រាម)។

បច្ចុប្បន្នជនសង្ស័យ និងត្ថុតាងដែលជាថ្នាំញៀន ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូន ទៅតុលាការរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងណែនាំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបោសសម្អាតឧក្រិដ្ឋជន គ្រឿងញៀនឲ្យអស់។ ដោយទទួលបានបទបញ្ជានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម និងបង្ក្រាបឱ្យដល់ឫសគល់។ ជាក់ស្តែងរយៈពេលចុងក្រោយនេះ ករណីជួញដូរគ្រឿងញៀនធំៗ ជាច្រើនត្រូវបានបង្ក្រាប ជាមួយនឹងឧក្រិដ្ឋជនជាច្រើននាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ៕