(បាត់ដំបង)៖ កម្លាំងចម្រុះសម្របសម្រួលដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារង តំណាងលោក កែវ សុជាតិ ព្រះរាជអាជ្ញា និងលោក ម៉ិល សុផល អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពស្រុកឯកភ្នំ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលហួសដែនកំណត់ ដោយប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងបឹងទន្លេសាប នៅតំបន់រ៉ាមសារព្រែកទាល់ អតីតឡូតិ៍នេសាទលខ២ (ដែនអភិរក្ស) ស្ថិតក្នុងភូមិស្ត្រឃុំកោះជីវាំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក ម៉ិល សុផល បានឲ្យដឹងថា ការបង្ក្រាបបទល្មើសនេសាទ បឹងទន្លេសាប នៅតំបន់រ៉ាមសារព្រែកទាល់ អតីតឡូតិ៍នេសាទលេខ២ (ដែនអភិរក្ស) ត្រង់ចំណុចកប់ចេះ ស្ថិតក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចុះរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទដូចជា៖ របាំសាច់មងបរណរាវ ចំនួន៤ឡុក ប្រវែង២,០០០ម៉ែត្រ បង្គោល៣០០ដើម និងបានចាក់លែងត្រី ចូលបឹងធម្មជាតិប្រមាណ ៣០គីឡូក្រាម។ ក្នុងការបង្ក្រាបបទល្មើសនេសាទនេះ ជនសង្ស័យដែរជាម្ចាស់បរណរ៉ាវឈ្មោះ យួម រ៉ើន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ។

ការចុះបង្រ្កាបបទល្មើសនេសាទបរណរ៉ាវ នៅក្នុងបឹងទន្លេសាប នៅតំបន់រ៉ាមសារព្រែកទាល់ អតីតឡូតិ៍នេសាទលេខ២ (ដែនអភិរក្ស)នេះ លោក សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឧបត្ថម្ភប្រេងសាំង ២០០លីត្រ និងប្រេងម៉ាស៊ូត ២០០លីត្រ។

លោក ម៉ិល សុផល បានបន្ថែមថា ការចុះបង្ក្រាបនេះគឺជាការយកចិត្តទុកដាក់ ការថែរក្សានូវធនធានធម្មជាតិនៅជុំវិញបឹងទន្លេសាប (ក្នុងដែនអភិរក្ស) ដោយសារកន្លងមកមានការនេសាទហួសដែនកំណត់ និងការប្រើប្រាស់លក្ខណៈទ្រង់ទ្រាយធំធ្វើឲ្យការបាត់បង់នូវពូជត្រីមួយចំនួន។ លោកបានអំពាវនាវដល់ប្រជានេសាទទាំងអស់ មេត្តាជួយទប់ស្កាត់ និងការពារពូជត្រីនៅរដូវទឹកឡើង គឺជារដូវត្រីពង ដើម្បីរក្សាពូជត្រីឲ្យបាន គង់វង្សជានិរន្តន៍ផងដែរ៕