(រតនគិរី)៖ យ៉ាងហោចណាស់ម៉ូតូប្រមាណ៣០ ទៅ៤០គ្រឿងក្នុងមួយយប់ៗ សម្រុកដឹកឈើទៅវៀតណាម តាមច្រករបៀងភូមិភិះ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប៉ុន្តែពុំមានការបង្ក្រាបពី ជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធនោះទេ។
ក្រុមអ្នកដឹកឈើ បានឲ្យដឹងថា ពួកគាត់មានក្រុមឈ្មួញវៀតណាម២-៣នាក់ ជួលម៉ូតូមួយគ្រឿង តម្លៃ៣០ដុល្លារ ក្នុងមួយយប់ ដើម្បីដឹកឈើទៅវៀតណាម ដោយការដឹកជញ្ជួននោះ ត្រូវឆ្លងកាត់ជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនស្ថាប័ន ចាំរាប់ម៉ូតូគិតលុយ ពីថៅកែវៀតណាម។
ពួកគាត់បានបន្តថា ដើម្បីកាត់បន្ថយការចំណាយនោះ ក្រុមឈ្មួញវៀតណាម ប្តូររូបភាព ពីដឹកតាមរថយន្ត មកជួលម៉ូតូដឹកបន្ត ចូលតាមច្រករបៀងភូមិភិះ ហើយប្រភពឈើទាំងនោះ ត្រូវបានក្រុមឈ្មួញវៀតណាម ផ្តល់លុយឲ្យក្រុមឈ្មួញខ្មែរ ដែលភាគច្រើនជាសមត្ថកិច្ច មានខ្នងបង្អែកក្រាស់ៗ ក្នុងខេត្តរតនគិរី កាងពីក្រោយ រួចដឹកតាមរថយន្ត យកទៅគរទុក ក្នុងចំការកៅស៊ូ ស្ថិតក្នុងស្រុកអូរយ៉ាដាវ ដើម្បីដឹកចេញទៅវៀតណាម ដោយម៉ូតូតាមច្រករបៀង ខាងលើនៅពេលយប់។
ប្រភពផ្សេងទៀត បានបញ្ជាក់ថា ដោយសារតែជំនួញឈើទៅវៀតណាម ត្រូវប៉ាន់ពេកនោះ មានមន្ត្រីនគរបាលសេដ្ឋកិច្ច២-៣ (សូមមិនបញ្ចេញឈ្មោះ) សីុប្រាក់ខែរដ្ឋ តែមិនធ្វើការបម្រើប្រទេសជាតិ បម្រើប្រជាពលរដ្ឋ បែរជាប្រព្រឹត្តបទល្មើសខ្លួនឯងទៅវិញ។ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី បានលើកឡើងស្រដៀងគ្នាថា បើពួកគាត់ដឹកឈើបន្តិចបន្តួច មកធ្វើផ្ទះ មកធ្វើគ្រឿងសង្ហារឹម ជាដើម ត្រូវមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ដេញចាប់ប្រផាប់ប្រភីងគ្មាន អនុគ្រោះនោះទេ ដូច្នេះសូមឲ្យមន្ដ្រីថ្នាក់ លើមេត្តាត្រួតពិនិត្យមើលមន្ត្រី ខិលខូច មួយក្តាប់តូច នៅខេត្តរតនគិរី ផងទាន!៕