(ភ្នំពេញ)៖ កម្ពុជា និងបារាំង បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅភាពជាដៃគូយុទ្ធសាស្ត្រ ដែលជាទំនាក់ទំនងកម្រិតខ្ពស់មួយ។
ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានរដ្ឋាភិបាលបារាំងអេលីហ្សេ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
ក្រៅពីការឯកភាពលើកកម្ពស់ទំនាក់ទំនងហើយនោះ ក្នុងជំនួបនោះ ភាគីទាំងពីរបានស្វាគមន៍ចំពោះសន្ទុះថ្មីក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២២ និងព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងជំនួបនោះ សម្តេចធិបតី និងលោក ម៉ាក្រុង បានអំពាវនាវឱ្យពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងបារាំង និងកម្ពុជា លើវិស័យនៃកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ ជាច្រើន និងខំស្វែងរកធ្វើពិពិធកម្មវិស័យក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំងពីរក៏បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានប្ដេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីជំរុញការវិនិយោគពង្រីកទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។
បារាំង និងកម្ពុជាស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការអភិរក្ស និងលើកតម្កើង បេតិកភណ្ឌ ជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការសម្របសម្រួលអន្តរ រដ្ឋាភិបាលសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក្រោមឆត្ររបស់អង្គការយូណេស្កូ ត្រូវបានបង្ហាញដោយការប្រារព្ធសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ កាលពីខែវិច្ឆិកាកន្លងទៅ ដោយបានបន្តអាណត្តិមួយទសវត្សរ៍បន្ថែមទៀត ជូនតួនាទីជាសហប្រធានរបស់បារាំង និងជប៉ុន។
សម្តេចធិបតី និងលោក ម៉ាក្រុង ក៏បានពិភាក្សាពីការអនុវត្តគម្រោងផ្សេងៗទៀតសំដៅដល់កិច្ចការពារ និងការលើកតម្កើងបេតិកភណ្ឌរបស់កម្ពុជា រួមទាំងការជួសជុល និងការពង្រីកសារមនី្ទរជាតិនៅរាជធានីភ្នំពេញ។ ក្នុងន័យនេះ ភាគីទាំងពីរស្វាគមន៍ការចុះហត្ថលេខានៃលិខិតបំណងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសារមន្ទីរ និងបេតិកភណ្ឌ។
បារាំង និងកម្ពុជា បានរំលឹកឡើងវិញនូវការយកចិត្តទុកដាក់រួមគ្នាដល់ការលើកកម្ពស់ហ្វ្រង់កូហ្វូនី និង តម្លៃរបស់ហ្វ្រង់កូហ្វូនី បារាំងបានសម្តែងនូវក្ដីប្រាថ្នាចង់ឃើញកម្ពុជាមានតំណាងជាន់ខ្ពស់ចូលរួម ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៤ នៅក្រុងវីឡេកូតឺរ៉ែ (Villers-Cotterêts) ប្រទេសបារាំង។ កម្ពុជា បានបញ្ជាក់ពីបេក្ខភាពរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ បារាំងដែលជាប្រទេសម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំកំពូលលើកទី១៩ វាយតម្លៃខ្ពស់ចំពោះបេក្ខភាពនេះ ដែលនឹងរួមចំណែកដល់ថាមវន្ត
នៃការនិយមនិយាយភាសាបារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងជំនួបនោះ ភាគីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃពហុនិយមផ្នែកនយោបាយ និងការការពារដោយពេញលេញនូវសិទ្ធិជាមូលដ្ឋាន ដើម្បីធានាភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ។ ភាគីទាំងពីរបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះ ទាំងក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគី និងក្របខ័ណ្ឌ ពហុភាគី។ តួនាទីដ៏សំខាន់របស់សង្គមស៊ីវិលក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាសកល ក៏ ត្រូវបានទទួលស្គាល់ផងដែរ៕