(ភ្នំពេញ)៖ កម្ពុជា និងបារាំង បានអះអាងជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរឆ្លងកាត់លើសមុទ្រចិន​ខាងត្បូង ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ទទួលស្គាល់​ជាសាកលនៃច្បាប់អន្តរជាតិ។

ការអះអាងនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានរដ្ឋាភិបាលបារាំងអេលីហ្សេ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ ភាគីទាំងពីរបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ាន និងចិន ក្នុង​ការ​អនុវត្តសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងឈាន​ទៅ​បញ្ចប់ការចរចាក្នុងការបង្កើតក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ស្របតាមច្បាប់អន្តរជាតិ។ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (United Nations Convention on the Law of the Sea - UNCLOS) ឆ្នាំ១៩៨២៕