(ភុ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ មានករណីអគ្គិភ័យមួយកើតឡើង ដោយបំផ្លាញផ្ទះអស់មួយខ្នង និងបណ្ដាលឲ្យស្ដ្រីវ័យចំណាស់ម្នាក់ស្លាប់។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្ទះលេខ១៧ ផ្លូវបេតុង៩២ ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របាយការណ៍របស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្ទះនេះមានម្ចាស់ឈ្មោះ ឆាយ អ៊ាន ភេទប្រុស អាយុ៤៧ឆ្នាំ ជាប្រភេទថ្មប្រក់ស័ង្កសី ទំហំ៥ម៉ែត្រ គុណ១២ម៉ែត្រ។

ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យស្ដ្រីម្នាក់ឈ្មោះ គ្រៀល អៀង អាយុ៨៥ឆ្នាំ បានស្លាប់នៅក្នុងផ្ទះ។ ក្រៅពីនេះអគ្គិភ័យក៏បានបំផ្លាញម៉ូតូ២គ្រឿង និងសម្ភារខាងក្នុងនោះទាំងស្រុងផងដែរ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដចំនួន១១គ្រឿង ស្មើនឹងទឹក១១ឡាន ហើយបានទប់ស្កាត់មិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ខណៈមូលហេតុកំពុងធ្វើការស្រាវជ្រាវ៕