(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់បារាំងដើម្បីសន្តិភាព និងសន្តិសុខសម្រាប់ទាំងអស់គ្នាទាក់ទងនឹងវិបត្តិនៅមជ្ឈិមបូព៌ា។
ការស្វាគមន៍នេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានរដ្ឋាភិបាលបារាំងអេលីហ្សេ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលជំនួបនោះ បានបញ្ជាក់ថា ភាគីទាំងពីរបានអំពាវនាវឱ្យមានបទឈប់បាញ់យូរអង្វែងជាបន្ទាន់ និងឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។ ភាគីទាំងពីរបានរំលឹកពីសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងអំពាវនាវឱ្យមានការសម្របសម្រួលក្នុងការ ផ្ដល់ជំនួយ ក៏ដូចជាវិធានការបន្ទាន់នានា ដើម្បីធានានូវការទទួលបានជំនួយមនុស្សធម៌ពេញលេញ ដោយសុវត្ថិភាព និងគ្មានការរារាំង ព្រមទាំងបញ្ចៀសនូវការបះបោរនានាក្នុងតំបន់។
ភាគីទាំងពីរបាន រំលឹកពីភាពចាំបាច់ក្នុងការប្រឹងប្រែងចាប់ពីឥឡូវទៅដើម្បីបើកផ្លូវនយោបាយ និងបានបញ្ជាក់ឡើងវិញ អំពីការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះដំណោះស្រាយរដ្ឋពីរ ដែលជាដំណោះស្រាយត្រឹមត្រូវនិងយូរអង្វែងតែមួយគត់ ដើម្បីឆ្លើយតបទៅនឹងសិទ្ធិរបស់ប្រជាជនអ៉ីស្រាអែលក្នុងការទទួលបាននូវសន្តិសុខ និងសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន ដែលចង់បាននូវរដ្ឋឯករាជ្យរស់នៅប្រកបដោយសន្តិភាព និងសន្តិសុខជាមួយអ៉ីស្រាអែល៕