(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលគណនី Facebook ក្លែងក្លាយមួយដែលបង្កើតឡើងដោយជនអនាមិក ហើយប្រើប្រាស់រូបរបស់លោកផ្ទាល់ ក្នុងចេតនាទុច្ចរិត និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយរបស់លោក។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមនីតិវិធី ដើម្បីស្វែងរកជនអនាមិកនោះ មកផ្ដន្ទាទោសតាមច្បាប់។ ជាមួយគ្នានេះ លោកក៏បានច្រានចោលរាល់ការបង្ហោះទាំងឡាយរបស់គណនី Facebook ក្លែងក្លាយនោះ ដោយមិនជាប់ពាក់ព័ន្ធជាមួយលោកឡើយ។

គួរជម្រាបថា ការបង្កើតគណនី Facebook ឬតេលេក្រាមក្លែងក្លាយនេះ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ទើបចេញមកច្រានចោលគណនីមួយផងដែរ ដែលបានបង្កើតដោយអនាមិក ហើយប្រើប្រាស់ឈ្មោះរបស់លោកជាភាសាអង់គ្លេស ខណៈលោក គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ក៏ត្រូវបានជនអនាមិកយករូប ទៅបង្កើតគណនីក្លែងក្លាយផងដែរ៕