(ភ្នំពេញ)៖ រដ្ឋាភិបាលបារាំង បានកោតសរសើរជាថ្មីម្តងទៀត ចំពោះជំហររបស់កម្ពុជា ដែលបានគាំទ្រ​លើ​ការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិប្រឆាំងទៅនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៉ី ទៅលើប្រទេស​អ៊ុយក្រែន ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ។

ការសរសើរនេះ ត្រូវបានលើកឡើងក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានរដ្ឋាភិបាលបារាំងអេលីហ្សេ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ បារាំង និងកម្ពុជាបានរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់នូវគោលការណ៍ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យភាព រួមមានសេចក្ដីសម្រេចចិត្តចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ សេចក្តីសម្រេចចិត្តចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងសេចក្តីសម្រេចចិត្តចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២៕