(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
ក្តីពេញចិត្តនេះត្រូវបានស្តែងឡើងក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាលបារាំងអេលីហ្សេ។
សេចក្តីថ្លែងការណ៍ស្តីពីលទ្ធផលនៃជំនួប បានគូសបញ្ជាក់ថា បារាំង និងកម្ពុជា ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅលើវិស័យការពារជាតិ មានជាអាទិ៍ ក្នុងក្របខ័ណ្ឌនៃការហ្វឹកហ្វឺនបោសសម្អាតមីនសម្រាប់ទាហានកម្ពុជា ព្រមទាំង ការបំប៉នភាសាបារាំងដល់កងរក្សាសន្តិភាពមួកខៀវក្រោមឆត្រអង្គការសហប្រជាជាតិ។ កិច្ចសហប្រតិបត្តិការនេះបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាដ៏ជាក់ស្ដែង ក្នុងប្រតិបត្តិការដើម្បីថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការគាំទ្ររបស់កម្ពុជាក្នុងការបណ្តុះបណ្តាល ដល់អ្នកដោះមីនអ៊ុយក្រែន ក្នុងគោលបំណងមនុស្សធម៌។
ភាគីទាំងពីរបានសម្តែងក្តីរំពឹងថាការចរចា ដើម្បីធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យការពារជាតិ នឹងត្រូវបញ្ចប់ឱ្យបានឆាប់នាពេលខាងមុខនេះ៕