(ពោធិ៍សាត់)៖ បុរសខ្សោយសតិម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកពីក្រោយបែកក្បាលដាច់ជើង ស្លាប់យ៉ាងអាណោចអាធម នៅម៉ោង១៖២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ១៥២ និង១៥៣ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សាកសពជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា ជូ សៀម អាយុ៥២ឆ្នាំ មានប្រពន្ធឈ្មោះ ឡឹក ស៊ីន មានកូនស្រីក្នុងបន្ទុក៥នាក់ រស់នៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកអធិការបានបន្តថា សាកសពជនរងគ្រោះ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុក ពីក្រោយហើយកិនបែកក្បាលដាច់ជើងស្លាប់យ៉ាងអាណោចអាធម ហើយជនរងគ្រោះត្រូវបានគេឲ្យដឹងថា មានជំងឺសរសៃប្រសាទ ជាយូរណាស់មកហើយ។
បច្ចុប្បន្នសាកសពជន ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កត្រូវបានកម្លាំងនគរបាលមូលដ្ឋាន កំពុងធ្វើការស្រាវជ្រាវ ដើម្បីយកមកដោះស្រាយ៕