(ភ្នំពេញ)៖ រដ្ឋាភិបាលបារាំង បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាលើកិច្ចការពារ​បរិស្ថាន ជាពិសេសការប្រែក្លាយជាប្រទេសអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០ តាមតាមរយៈយុទ្ធសាស្ត្រ​ផ្តោតលើបរិស្ថានស្អាត បៃតង និងនិរន្តរភាព។

ការស្វាគមន៍នេះ បានធ្វើឡើងក្នុងជំនួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានរដ្ឋាភិបាលបារាំងអេលីហ្សេ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

បើតាមសេចក្តីថ្លែងការណ៍បង្ហាញលទ្ធផលជំនួបនោះ បានគូសបញ្ជាក់ថា ភាគីបារាំង បានរំលឹកឡើងវិញ​នូវការត្រៀមខ្លួនជានិច្ចជួយជ្រោមជ្រែងកម្ពុជាលើ កិច្ចខិតខំប្រឹងប្រែងដើម្បីចងភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​ទៅនឹងអន្តរកាលថាមពល។ បារាំង ក៏បានលើកឡើងពីតួនាទីរបស់ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ដែលស្តែងចេញតាមរយៈការចុះហត្ថលេខាកិច្ចព្រមព្រៀងចំនួន៣ គិតជាទឹកប្រាក់សរុបចំនួន ២១៥លានអឺរ៉ូ និងក្រុមហ៊ុនបារាំងនៅក្នុងបរិបទនេះ។

ពាក់ព័ន្ធបញ្ហាបរិស្ថាននេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ភាគីបារាំងថា កម្ពុជាប្តេជ្ញាមិនអភិវឌ្ឍ​វារី​អគ្គិសនីនៅលើតួទន្លេមេគង្គ ហើយក៏មិនអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មឡើយ។

សម្តេចធិបតីនាយ​ករដ្ឋមន្ត្រី ក៏បាន លើកឡើងថាកម្ពុជានឹងចូលរួមក្នុងសន្ធិសញ្ញាទីក្រុង​ប៉ារីសសម្រាប់​មនុស្ស និងភពផែនដី។ ភាគីទាំង ពីរក៏បានព្រមព្រៀងធ្វើការរួមគ្នាក្នុងការរៀបចំសន្និសីទអង្គការសហ​ប្រជាជាតិ​ស្ដីពីមហាសមុទ្រ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា ដើម្បីក្លាយជាប្រទេសអព្យាក្រឹត្យកាបូន សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញគោល​នយោ​បាយបរិស្ថានជាច្រើន ក្នុងនោះរួមមានការបញ្ឈប់ការកសាងរោងចក្រផលិតថាមពលអគ្គិសនីដើរ​ដោយធ្យូងថ្មផងដែរ៕