(ភ្នំពេញ)៖ បុរសម្នាក់ជាម្ចាស់សែកគ្មានសាច់ប្រាក់ កាលពីពេលថ្មីៗនេះ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង ដោយដាក់នៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បើទោះបីតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» យ៉ាងណាក្ដី។ នេះបើតាមមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

ជនដែលត្រូវបានតុលាការសម្រេចមិនឃុំខ្លួននេះឈ្មោះ ម៉ន ម៉ាប់ អាយុ៣០ឆ្នាំ មុខរបរអាជីវករ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ តាមការបញ្ជារបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ឆបោកដោយចេញសែកគ្មានសាច់ប្រាក់)» ក្នុងទំហំសាច់ប្រាក់ជាង១៣ម៉ឺនដុល្លារ។

ក្រោយឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តំណាងអយ្យការបានបើិកការស៊ើបសួរ និងសន្និដ្ឋានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។ ក្រោយសាកសួរ លោកចៅក្រម ទិតសុទ្ធី បូរ៉ាឆាត បានសម្រេចដាក់ជនត្រូវចោទឈ្មោះ ម៉ន ម៉ាប់ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។

ជុំវិញការសម្រេចមិនឃុំខ្លួនជនត្រូវចោទឈ្មោះ ម៉ន ម៉ាប់ នេះ អ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាននោះទេ ដោយសារលោកមិនតបសំនួរតាមរយៈសារអេឡិចត្រូនិច (Telegram)៕