(ភ្នំពេញ)៖ គណបក្សហ៊្វុនស៉ិនប៉ិច ដែលជាគណបក្សមួយសំឡេងនៅក្នុងរដ្ឋសភា បានប្រកាសជំហរគោរព «គោលនយោបាយចិនតែមួយ និងទទួលស្គាល់រដ្ឋាភិបាលចិនជាតំណាងស្របច្បាប់តែមួយគត់របស់ចិន និងប្រជាជនចិន»។
ការប្រកាសបង្ហាញជំហរនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៦ ខែមករា កន្លងទៅ។ ក្នុងសេចក្តីថ្លែងថា គណបក្សហ៊្វុនស៊ិនប៉ិច បានគូសរំលេចថា គណបក្សហ៊្វុនស៊ិនប៉ិច តែងតែគោរព និងដង្ហែដោយឥតងាករេតាមព្រះរាជគោលនយោបាយរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាព្រះបិតាស្ថាបនិកនៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានគោលការណ៍ចិនតែមួយតាំងពីដើមរៀងមក។
សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា «ក្នុងនាមព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រថានគណបក្សហ៊្វុនស៊ិនប៉ិច នៅតែបន្តគោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន»។
សូមបញ្ជាក់ថា ក្រោយពេលបោះឆ្នោតនៅតៃវ៉ាន់ មេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ បានបង្ហាញជំហរប្រកាសឯករាជ្យពីចិន។ បំណងមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ នាំឱ្យរដ្ឋាភិបាលចិនប្រតិកម្មជាខ្លាំង។
ក្រោយកើតបាតុភាពនេះ ទាំងរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាគណបក្សនយោបាយជាច្រើននៅកម្ពុជា បានចេញប្រកាសប្រកាន់ជំហរ «គោលនយោបាយចិនតែមួយ» ដែលជាជំហរទទួលស្គាល់រដ្ឋាភិបាលចិន ជារដ្ឋាភិបាលស្របច្បាប់ ហើយកោះតៃវ៉ាន់ គ្រាន់តែជាទឹកដីមួយរបស់ចិនប៉ុណ្ណោះ៕