(ភ្នំពេញ)៖ លោកបណ្ឌិត ហង្ស សាមឿន អនុប្រធានទី២ គ.ជ.គ.ម. និងជាទីប្រឹក្សាផ្ទាល់សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា តំណាងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Macro Toscan-Rivalta ប្រធានការិយាល័យប្រចាំតំបន់( UNDRR) សម្រាប់អាស៊ីប៉ាស៊ីហ្វិក។ ជំនួបនេះបានធ្វើឡើងនៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះលោកបណ្ឌិត ហង្ស សាមឿន បានសម្តែងនូវការស្វាគមន៍ និងគោតសរសើរដែលកន្លងមកការិយាល័យប្រចាំតំបន់ (UNDRR) សម្រាប់អាស៊ីប៉ាស៊ីហ្វិក មានទំនាក់ទំនងយ៉ាងជិតស្និតលើការងារគ្រោះមហន្តរាយនៅកម្ពុជា ហើយនេះជាដើមឆ្នាំ២០២៤ ដែលបានជួបពិភាក្សាជាមួយលោក Macro Toscan-Rivalta និងសហការីមកពិភាក្សានិងលើកទិសដៅផែនការបន្ត ដើម្បីអនុវត្តន៍ក្នុងវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយនិងឆ្លើយតបឱ្យទាន់ពេលវេលា។

លោកបណ្ឌិត ហង្ស សាមឿន បានបញ្ជាក់ថា ប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន វាពិតជាមានសារៈសំខាន់ដែលមិនអាចខ្វះបាន ជាពិសេស ការពង្រឹងភាពជាដៃគូជាមួយភាគីអ្នកពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាស ព័ត៌មានឱ្យដឹងមុន របស់យើងនៅកម្ពុជា ដែលជាចំណែកដ៏មានសារៈសំខាន់បំផុក្នុងការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ឱ្យរួចចាកផុតពីគ្រោះមហន្តរាយ និងរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។

ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកកិត្តិសង្គហបណ្ឌិត គន់ គីម, លោកបណ្ឌិតបានលើកឡើងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្ម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅក្នុងផែនការអភិវឌ្ឍន៍ និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេសបាននឹងកំពុងរៀបចំផែនការ សកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (NAP-DRR) ២០២៤-២០២៨ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរបស់យើងពីផលប៉ះ ពាល់ដោយគ្រោះមហន្តរាយ។

លោកបណ្ឌិតបានបន្តថា កិច្ចសហការ និងភាពជាដៃគូគឺជាគន្លឹះនៃភាពជោគជ័យរួមក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ ជាមួយគ្នានេះការអនុវត្តគម្រោង និងគំនិតផ្តួចផ្តើមរួមគ្នាដែលអាចពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ជាពិសេសដើម្បីស្វែងរកការគាំទ្រជាបន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយក្នុងការអនុវត្តកម្មវិធីប្រកាសព័ត៌មានឱ្យដឹងមុនសម្រាប់ទាំងអស់គ្នានៅកម្ពុជាដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់សមត្ថភាព ត្រៀមរៀបចំ និងឆ្លើយតបគ្រោះមហន្តរាយ។

ក្នុងឱកាសនៃជំនួបលោក Macro Toscan-Rivalta បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងអរគុណដែលបានជួបពិភាក្សាការងារនៅពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្រកន្លងមករបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានរួមចំណែកដល់ការកាត់បន្ថយគ្រោះមហន្តរាយ របស់ប្រទេសកម្ពុជា។ លោកក៏បានជម្រាបជូនផងដែរថា UNDRR នឹងបន្ដសហការគាំទ្រចំពោះការអនុវត្តគម្រោងប្រកាសព័ត៌មានឱ្យ ដឹងមុនសម្រាប់ទាំងអស់គ្នាដ៏មានសារៈសំខាន់នេះ។

ប្រធានការិយាល័យប្រចាំតំបន់ (UNDRR)​ សម្រាប់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងអំណរគុណចំពោះភាពជាដៃគូ របស់អង្គការសហប្រជាជាតិ ដែលកំពុងបន្ត និងការគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា៕