(កំពង់ឆ្នាំង)៖ សិក្ខាកាមជាយោធាចំនួន ១០០នាក់ បានសិក្សាបញ្ចប់វគ្គហ្វឹកហ្វឺនយុទ្ធវិធីឯកទេសការពារគីមីសាស្រ្តជំនាន់ទី១២ រយៈពេល៩ខែ ឆ្នាំ២០២៣ ដោយជោគជ័យ។
ពិធីបិទវគ្គហ្វឹកហ្វឺននេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, លោកឧត្ដមសេនីយ៍ឯក ឈឹម សាវុធ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការពារគីមីសាស្រ្តអគ្គបញ្ជាការ នៅសាលាហ្វឹកហ្វឺនការពារគីមីសាស្ត្រ (លង្វែក) ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ វង្ស វាសនា បានថ្លែងថា ការហ្វឹកហ្វឺនបានដើរតួនាទីសំខាន់ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស រួមចំណែកដល់ការកែទម្រង់ និងពង្រឹងវិស័យការពារជាតិ។
នាយឧត្តមឧត្តមសេនីយ៍ វង្ស វាសនា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដឹកនាំការងារហ្វឹកហ្វឺនរបស់ទីចាត់ការការពារគីមីសាស្ត្រ និងសិក្ខាកាមទាំងអស់ដែលបានពុះពាររាល់ការលំបាក ជំរុញដំណើរការហ្វឹកហ្វឺនចាប់ពីផ្តើមរហូតដល់ពេលបញ្ចប់វគ្គ សម្រេចបានលទ្ធផលប្រកបដោយជោគជ័យ។ ការបិទវគ្គនេះ ពិតជាបានឆ្លើយតបយ៉ាងប្រចក្សបំផុតទៅនឹងចរន្តនៃការបង្កើនសមត្ថភាពធនធានមនុស្សក្នុងកងទ័ព តាមរយៈការហ្វឹកហ្វឺន រួមចំណែកដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ និងធ្វើឱ្យវិស័យការពារជាតិកាន់តែរឹងមាំ។
នាយឧត្តមសេនីយ៍ វង្ស វាសនា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ផ្តល់អាទិភាពដល់វិស័យអប់រំ ក្នុងការអភិវឌ្ឍធនធានមនុស្ស សំដៅកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនលើផ្អែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន និងសមាហរណកម្មទៅនឹងការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យានាសម័យទំនើប។
នាយឧត្តមសេនីយ៍ វង្ស វាសនា បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាល និងការអភិវឌ្ឍទៅបានក៏អាស្រ័យលើកត្តាសង្គមជាតិមានសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន ពុះពារគ្រប់ឧបសគ្គដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ វង្ស វាសនា បានលើកឡើងថា កងយោធពលខេមរភូមិន្ទ ជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវកម្ចាត់ចោលភ្លាមនូវបដិវត្តន៍ពណ៌ និងក្រុមជ្រុលនិយមដែលមានចរិតបង្កចលាចលក្នុងសង្គម រក្សាឱ្យបានស្ថេរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវពង្រឹងជំហរស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់មនសិការស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិ និងប្រជាជន។ ទន្ទឹមនេះ ត្រូវយកចំណេះដឹងដែលបានពីការសិក្សា មកប្រែក្លាយទៅជាការអនុវត្តជាក់ស្ដែងក្នុងការបំពេញភារកិច្ចដែលអង្គភាពប្រគល់ឱ្យ។
បើយោងតាមការណ៍របស់លោកឧត្តមសេនីយ៍ឯក ឈឹម សាវុធ នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនាយកទីចាត់ការការពារគីមីសាស្ត្រ បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនយុទ្ធវិធីឯកទេសការពារគីមីសាស្រ្តជំនាន់ទី១២ ដែលបានប្រារពបិទនាពេលនេះមានសិក្ខាកាមចំនួន ១០០នាក់ ដោយសិក្សារយៈពេល ៩ខែ លើខ្លឹមសារចំនួន៦មុខវិជ្ជា ជាលទ្ធផលប្រឡងបញ្ចប់វគ្គ និទ្ទេសល្អ ៣២នាក់ ល្អបង្គួរ៣២នាក់ និងមធ្យម១៧នាក់៕