(ភ្នំពេញ)៖ ម្ចាស់ជ័យលាភី ចំណាត់ថ្នាក់លេខ១ (Top-1) ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើទី៧ គឺបានទៅលើបេក្ខជន ប៊ុន គឹមយ៉ុង ដែលទទួលបានសម្លេងគាំទ្រចំនួន 7,569 Likes លើ Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ចំពោះបេក្ខជនបេក្ខនារី ដែលបាន TOP-1 និង TOP-10 នឹងចូលរួមទទួលប្រាក់រង្វាន់ សម្លៀបំពាក់កីឡា ជាមួយប័ណ្ណ សរសើរ «ខ្ញុំជាយុវជនគំរូកម្ពុជា» ពីសម្តេចតេជោ ហ៊ុន សែន។ យ៉ាងណាក៏ដោយ ចំពោះកាលបរិច្ឆេទ ក្នុងការទទួលរង្វាន់ ក្នុងកម្មវិធី នឹងប្រកាសតាម Faceook Page សម្តេចតេជោ ហ៊ុន សែន នៅពេល ក្រោយ ។
កម្មវិធីប្រកួតប្រជែង «ខ្ញុំជាយុវជនគំរូកម្ពុជា (I am a Role Model)» ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បើកឲ្យបោះឆ្នោតចម្រាញ់យកជយលាភី ១០នាក់ (Top 10) បានបិទបញ្ចប់ការបោះឆ្នោតនៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែនហើយ នៅម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា| Am a Role Model» កាលពីខែមេសា ឆ្នាំ២០១៦ ក្នុងបំណងជំរុញយុវជន យុវនារី ក្លាយទៅជាពលរដ្ឋគំរូល្អក្នុងសង្គម ដោយផ្តល់នូវការគាំទ្រលើកទឹកចិត្ត ឲ្យពួកគេចូលរួមនៅក្នុង Facebook របស់សម្តេច ដើម្បីមានឱកាសចូលរួមកាន់តែច្រើន ក្នុងកិច្ចការសង្គម។ ជាពិសេសតាមរយៈសកម្មភាព មនុស្សធម៌ របស់យុវជន យុវតីកម្ពុជា នឹងជួយជំរុញឲ្យយុវជន យុវតីដទៃទៀត រួមគ្នាធ្វើសកម្មភាពមនុស្សធម៌ ដែលជាសកម្មភាពដ៏ល្អប្រពៃមួយនៅក្នុងសង្គម ហើយក៏ទទួលបានការគាំទ្រពីសាធារណជនទូទៅផងដែរ។
មកដល់ពេលនេះ ការប្រកួតប្រជែង «ខ្ញុំជាយុវជនគំរូកម្ពុជា» ធ្វើឡើងបានចំនួន៧លើកហើយ ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញប្រគល់រង្វាន់ដល់ជយលាភីផ្ទាល់ បានចំនួនពីរលើកផងដែរ។
ម្ចាស់ជ័យលាភីអ្នកលេខ១ ទទួលបានទូរស័ព្ទទំនើបមួយគ្រឿង ប័ណ្ណសរសើរមួយ សម្លៀកបំពាក់ខ្ញុំជាយុវជនគំរូមួយកំប្លេ សម្លៀកបំពាក់កីឡាមួយកំប្លេ និងថវិកាមួយចំនួនទៀត។ រីឯជ័យលាភី៩នាក់ផ្សេងទៀត ក៏ទទួលបានបណ្ណសរសើរមួយ សម្លៀកបំពាក់ខ្ញុំជាយុវជនគំរូមួយកំប្លេ សម្លៀកបំពាក់កីឡាមួយកំប្លេ និងថវិកាមួយចំនួនផងដែរ៕