(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអធិបតីបើកសិក្ខាសាលាស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធលូទឹកកខ្វក់ (វគ្គប្រព័ន្ធលូ) និងបិទវគ្គបញ្ចប់គម្រោងភាពជាដៃគូ JICA KUSANONE របស់ កម្ពុជា-ជប៉ុន នៃគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងថែទាំប្រព័ន្ធលូ និងវិធានការទប់ស្កាត់ការខូចខាតដោយទឹកជំនន់ក្នុងរាជធានីភ្នំពេញ។

សិក្ខាសាលានេះបានធ្វើឡើងនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មានការចូលរួមពីលោក ស៊ុយ សារិទ្ធ អភិបាលរងរាជធានីភ្នំពេញ លោក Takemori Kuribayashi ជាលេខាទី១ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោក Ai Miyahara តំណាងជាន់ខ្ពស់នៃការិយាល័យ JICA ប្រចាំនៅកម្ពុជា តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ (MLIT) ជប៉ុន និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ព្រមទាំងបណ្តាក្រុមហ៊ុនពាក់ព័ន្ធផងដែរ។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីសម្រេចឱ្យបាននូវការគ្រប់គ្រងកិច្ចការងារខាងប្រព័ន្ធលូទឹកកខ្វក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការលើកកម្ពស់បរិស្ថានទឹកក្នុងរាជធានីភ្នំពេញ ដែលត្រូវពង្រឹងសមត្ថភាពចំពោះការគ្រប់គ្រងថែទាំបណ្តាញលូមានស្រាប់ឱ្យបានត្រឹមត្រូវ និងពង្រឹងសមត្ថភាពផ្នែកទន់ ដោយត្រូវរៀបរៀងផែនទីគោល ផ្តល់ភាពងាយស្រួលតាមដាន ការពារទឹកលិច ការហ្វឹកហាត់វិធានការឆ្លើយតប ដើម្បីកាត់បន្ថយផលប៉ះពាល់នៅពេលទឹកជនលិចជាដើម៕