(ស្វាយរៀង)៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១១ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង។

លោកវេជ្ជបណ្ឌិតចាន់ ដារ៉ា អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានថ្លែងថា ការអនុវត្តសេចក្ដីណែនាំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ការបណ្តុះបណ្តាលបន្តការប្រតិបត្តិ វិជ្ជាជីវៈសុខាភិបាល របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តស្វាយរៀង មានបំណងផ្លាស់ប្ដូរបទពិសោទធន៍ ពង្រឹងនូវគុណវុឌ្ឍន៍ ផ្តល់សេវាកម្មវេជ្ជសាស្ត្រ ដែលមានគុណភាព ប្រសិទ្ធភាព ទាំងគុណធម៌ សមធម៌ សេចក្តីថ្លៃថ្នូរវិជ្ជាជីវៈ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៃរដ្ឋបាលខេត្តស្វាយរៀង បានគូសបញ្ជាក់ថា ខេត្តស្វាយរៀងមាន៨ ស្រុក ក្រុង ៨០ឃុំ សង្កាត់ ៦៩០ភូមិ ប្រជាពលរដ្ឋសរុប៦៦៤,៨៤៩នាក់ មន្ទីរសុខាភិបាលមានប្រធាន១រូប និងអនុប្រធាន៣រូប ការិយាល័យ៤ មានស្រុកប្រតិបត្តិចំនួន៤, មន្ទីរពេទ្យខេត្ត១, មន្ទីរពេទ្យបង្អែកស្រុក៥ មានគ្រែសរុប៤៧៧ និងមានមណ្ឌលសុខភាព៤៨ ប៉ុស្តិ៍សុខភាព២។

បច្ចុប្បន្នភាពមន្ត្រីសុខាភិបាលកំពុងបម្រើ ការងារសរុប ៨៤០នាក់ (ស្ត្រី៤២០នាក់) ក្នុងនោះមាន បណ្ឌិត អនុបណ្ឌិត២នាក់ វេជ្ជបណ្ឌិតឯកទេស២នាក់ វេជ្ជបណ្ឌិត៧០នាក់ , គ្រូពេទ្យ១៨នាក់, ទន្តបណ្ឌិត៥នាក់, ទន្តពេទ្យ១នាក់, ទន្តគិលានុប្បដ្ឋាក១៣នាក់, ឱសថការី១៤នាក់, ឱសថការីមធ្យម១នាក់ បរិញ្ញាបត្រគិលានុប្បដ្ឋាក២០នាក់, បរិញ្ញាបត្រឆ្មប៩នាក់, គិ.មធ្យម២៤៩នាក់, ឆ្មបមធ្យម១៨៧នាក់, គិ.បឋម១២៩នាក់, ឆ្មបបឋម៥៩នាក់, ពិសោធន៍មធ្យម២៨នាក់, វិទ្យុសាស្ត្រ២នាក់, ព្យាបាលដោយចលនា៦នាក់, គណនេយ្យ៧នាក់, ព័ត៌មានវិទ្យា៤នាក់ បច្ចេកទេសរដ្ឋបាល៨នាក់ និងជំនាញផ្សេងៗ ៦នាក់។

លោកវេជ្ជបណ្ឌិត គុជ សុីថា បានបន្តថា ចំពោះការងារគណៈគ្រូពេទ្យវិញ មន្ទីរសុខាភិបាលខេត្តបានសហការគ្នាយ៉ាងល្អប្រសើរ ជាមួយក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង ក្នុងការត្រួតពិនិត្យតាមដានការ អនុវត្តន៍វិជ្ជាជីវៈ ក៏ដូចជាក្រមសីលធ៌មគ្រូពេទ្យ និងបានសហការចុះពិនិត្យស្រាវជ្រាវ និងដោះស្រាយរាល់បញ្ហា ឬបាតុភាពដែលបានកើតមាននៅក្នុងខេត្តជាច្រើនលើក។

លោកបានអះអាងថា ទិវានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍសមត្ថភាពចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីខិតខំបំពេញការងារផ្តល់សេវា ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត គោរពបាននូវក្រមសីលធម៍វិជ្ជាជីវៈ និងសាមគ្គីល្អផងដែរ។ ទន្ទឹមនេះ លោកបានកោតសរសើរចំពោះគ្រូពេទ្យទាំងអស់នៅទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់ ចូលរួមក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តន៍បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍ នៃវិជ្ជាជីវៈសុខាភិបាលសាធារណៈ និងឯកជន ឲ្យប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព កាត់បន្ថយអត្រាស្លាប់ ពិការភាព និងគ្រោះថ្នាក់ ដោយការប្រើប្រាស់ឱសថផ្សេងៗ និងសេវាកម្មខុសច្បាប់ ឬគ្មានគុណភាពជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តលើកទី១១នេះដែរ ក៏មានការធ្វើបទបង្ហាញពីលោកសាស្ត្រាចារ្យជំនាញ ក៏ដូចជាលោកវេជ្ជបណ្ឌិតជំនាញ អំពីជំងឺកុមារ និងជំងឺភ្នែក ផ្នែកសង្គ្រោះបន្ទាន់ ហើយក៏បានផ្ដល់ឱកាសឲ្យក្រុមគ្រូពេទ្យឡើងសួរជាជំនួរពាក់ព័ន្ធទៅនឹងជំងឺកុមារ ជំងឺភ្នែក ផ្នែកសង្គ្រោះបន្ទាន់ ដើម្បីឲ្យវាគ្មិនដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធី ធ្វើការឆ្លើយតប និងមានការចែកវិញ្ញាបនបត្របញ្ជាក់ការចូលរួមដល់ក្រុមគ្រូពេទ្យដែលជាសមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង ព្រមទាំងមានការធ្វើបទបង្ហាញពីក្រុមហ៊ុនឱសថមួយចំនួនផងដែរ៕