(បារាំង)៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក François GUEZ នាយកប្រតិបត្តិ ក្រុមហ៊ុន PL Vista ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

 PL Vista ជាក្រុមហ៊ុនបារាំង ដែលមានឯកទេសលើការផ្គត់ផ្គង់ផ្នែកគ្រឿងសំអាង អនាម័យ និងការថែទាំគេហដ្ឋាន។ ផលិតផលរបស់ PL Vista ត្រូវបានរចនាឡើង និងផលិតនៅអឺរ៉ុប ដោយប្រើធាតុផ្សំ និងស្តង់ដារអឺរ៉ុប ស្របតាមការបញ្ជាក់យ៉ាងម៉ត់ចត់ ដើម្បីធានាជូនអ្នកប្រើប្រាស់នូវគុណភាព និងសុវត្ថិភាពដែលអតិថិជនចង់បាន។

ក្នុងជំនួបនោះ លោក François GUEZ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាត​ឱ្យរូប​លោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់​ក្រុម​ហ៊ុន PL Vista ដែលជាក្រុមហ៊ុនមានឯកទេសលើការផ្គត់ផ្គង់ផលិតផលទារក គ្រួសារ និងការថែទាំ​គេ​ហ​ដ្ឋាន។ លោកអគ្គនាយកក្រុមហ៊ុន ក៏បានជម្រាបជូនសម្តេចធិបតី អំពីគម្រោងនៃការពង្រីកអាជីវកម្ម ដោយ​នាំ​ចូលផលិតផលតាមបែបស្តង់ដារអឺរ៉ុបមកកាន់ទីផ្សារកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយចំពោះជំនួបជាមួយលោកអគ្គនាយក និងបានស្វាគមន៍​ចំពោះ​ការពង្រីកវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ជូនថា រាជរដ្ឋាភិបាល​បន្តផ្តល់ការជួយគាំទ្រ និងសម្របសម្រួលដល់បរិយាកាសវិនិយោគនានានៅកម្ពុជា លើផ្អែកគោល​នយោ​បាយ ច្បាប់ និងបទដ្ឋានគតិយុត្ត សំដៅធ្វើយ៉ាងណាឱ្យធ្វើធុរកិច្ចនៅកម្ពុជាទទួលបានភាពជោគជ័យ និង​រីកចម្រើន៕