(ភ្នំពេញ)៖ កំពូលតារាចម្រៀងប្រចាំក្នុងផលិតកម្ម សាន់ដេ និងជាស្រីស្អាតមានសាច់សរលោងម៉ដ្ឋខ្ចី សុខ ពិសី បានបង្ហើសំនៀង យ៉ាងក្រអៅក្រអួន ចំនួន៣បទ ក្នុងកម្មវិធី «តន្រ្តីអ៉ិចស្ពឺតបៀរ» (Expert Beer) នៃស្ថានីយទូរទស្សន៍ CTN នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើឲ្យអង្រួនអារម្មណ៍អ្នកគាំទ្រ ជាពិសេសអ្នកចូលរួមទស្សនាផ្ទាល់ ហើបគូថពីកៅអី នាំគ្នារេរាំទៅតាមចង្វាក់ភ្លេង។
ស្រីស្អាតពោរពេញដោយមន្តស្នេហ៍រយពាន់ កញ្ញា សុខ ពិសី ត្រូវបានទស្សនិកជនមើលឃើញថា មួយរយៈពេលចុងក្រោយនេះ សន្ទុះនៃកេរ្តិ៍ឈ្មោះរបស់នាង បានកើនឡើងយ៉ាងខ្លាំង ដូចទឹកបាក់ទំនប់ ដោយក្រសោបបានការគាំទ្រ ពីសំណាក់យុវវ័យយ៉ាងភ្លូកទឹកភ្លូកដី ។ ជាមួយគ្នានេះ ក្រុមយុវវ័យ នៅពេលដឹងថា តារាចម្រៀង សុខ ពិសី ទៅច្រៀងនៅកន្លែងណាមួយ គឺពួកគេបានចំណាយពេលវេលា ទៅតាមគាំទ្រដល់ទីនោះ មិនគិតពីភាពនឿយហត់អ្វីឡើយ។
ជាស្ដែងនាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ ស្រីស្រស់នួនល្អង សុខ ពិសី បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល ក្នុងកម្មវិធី «តន្រ្តីExpert Beer» ដោយនាងបានបកស្រាយ នូវចម្រៀងចំនួន៣បទ ដែលធ្វើឲ្យអ្នកគាំទ្រហ៊ោកញ្ជ្រៀវ ទះដៃទ្រហឹងអឺងអាប់ ញ៉ាំងឲ្យបរិយាកាស នៃកម្មវិធីការតែសប្បាយទ្វេរដង។ បទចម្រៀងដែល សុខ ពិសី ធ្វើការបកស្រាយ រហូតអង្រួនអារម្មណ៍អ្នកគាំទ្រខ្លាំងនោះ មានចំណងជើងថា «មនុស្សដូចបង មិនស្គាល់អ្វីជាទឹកភ្នែក» ,បទ«យំឱបឆ្កែ» និងបទទី៣ ជាចង្វាក់ញាក់កន្រ្តាក់ អារម្មណ៍ «ឃើញមុខចង់លង់»។
សូមបញ្ជាក់ថា តារាចម្រៀងល្បីលំដាប់ប្រទេស សុខ ពិសី ទោះបីជានាងកំពុងតែមមាញឹក ក្នុងការងារសិល្បៈ ត្រូវថតបទចម្រៀង ថតភាពយន្ត និងឡើងឆាកតន្រ្តីស្ទើរគ្មានថ្ងៃស្វាង យ៉ាងណាក្ដី ក៏នាងមិនបានបំភ្លេចចោលនូវសកម្មភាព ការងារមនុស្សធម៌ជួយដល់សង្គមនោះឡើយ។ ជាស្ដែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នាងនឹងចូលរួមច្រៀង ក្នុងកម្មវិធីប្រគំតន្រ្តីមនុស្សធម៌ ស្វែងរកថវិកាជួយមន្ទីរពេទ្យ គន្ធបុប្ផា ដោយតម្លៃខ្លួនរបស់នាង នឹងត្រូវបង្វិលចូលទៅជួយមន្ទីរពេទ្យកុមារ ដ៏ធំនេះទាំងអស់៕