(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានបង្ហាញនៃក្ដីរំពឹងទុកថា កំណើនភ្ញៀវទេសចរនៅក្នុងឆ្នាំ២០២៤នេះ ទំនោរជាអាចច្រើនជាងឆ្នាំ២០២៣កន្លងទៅ ដោយសារតែមានជើងហោះហើរត្រង់ជាច្រើនចូលមកកម្ពុជា ជាពិសេសមានការកក់សំបុត្រជាហូរហែរពីភ្ញៀវទេសចរ ដើម្បីមកលេងកំសាន្ដ នៅក្នុងប្រទេសកម្ពុជា។

ការបង្ហាញនៃក្ដីរំពឹងទុកបែបនេះ របស់ប្រធានសមាគមទេសចរណ៍កម្ពុជា ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «សក្ដានុពល នៃកំណើនទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៤» ក្នុងកម្មវិធី FRESH BUSINESS។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឆ្នាំ២០២៤នេះ គឺយើងមើលឃើញថា ទំនោរមានកំណើនជាងឆ្នាំ២០២៣ ដោយសារតែយើងនឹងមានការហោះហើរត្រង់ជាហូរហែរ នៅចាំបន្ដកន្ទុយគ្នា ហើយសម្រាប់ការកក់ សម្រាប់ពាក់កណ្ដាលឆ្នាំ និងចុងឆ្នាំក៏មានច្រើនផងដែរ»