(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ២ខ្សែ ប្រវែង ១,៣០០ ម៉ែត្រ ទទឹង ០៦ ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិព្រែកហូរលិច ភូមិព្រែកហូរលិច១ និងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នាឱកាសនោះលោក គង់ សោភ័ណ្ឌ បានថ្លែងថា ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយនេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់រដ្ឋបាលខេត្ត ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយសោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់យក «មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា» ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ។ ជាក់ស្តែងផ្លូវ១ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបន្តថា សមិទ្ធផលថ្មីៗទាំងនោះ បង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក ដើម្បីចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

លោកអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុងតាខ្មៅ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

លោកបានជម្រុញដល់អាជ្ញាធរ សង្កាត់ ត្រូវបំផុសចលនាប្រជាជន ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋានដើម្បីបង្ការ,ទប់ស្កាត់  និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជា៖ សកម្មភាពលួច, ឆក់, ប្លន់, បទល្មើសគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម ជាពិសេសយុវជន ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕