(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះធនធានដើមនៃវិស័យទេសចរណ៍មានហើយ ប៉ុន្ដែអ្វីដែលជាបញ្ហានោះ គឺបច្ចុប្បន្ននេះនៅកង្វះធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឲ្យរីកចម្រើន ដោយសារតែអ្នកជំនាក្នុងវិស័យទេសចរណ៍មួយចំនួន កំពុងស្ទាក់ស្ទើរក្នុងការវិលត្រឡប់មកវិញ បន្ទាប់ពីរងនូវវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។

ការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ស្ដីពី «សក្ដានុពលនៃកំណើនទេសចរណ៍កម្ពុជានៅឆ្នាំ២០២៤»។

លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា «ធនធានដើមនៃវិស័យទេសចរ គឺយើងមានហើយ ប៉ុន្ដែធនធានមនុស្សមានការខ្វះខាត ដែលតម្រូវឲ្យមានការផលិតបន្ថែម ការខ្វះខាតនេះដោយសារតែអំឡុងពេលកូវីដ១៩ បានធ្វើឲ្យអ្នកជំនាញក្នុងវិស័យទេសចរណ៍បានផ្អាក ឬឈប់ពីវិស័យនេះ ហើយរហូតមកដល់បច្ចុប្បន្ន ការវិលត្រឡប់នៃអ្នកជំនាញទាំងនោះ ពុំមានគ្រប់គ្រាន់នោះឡើយ»

លោកស្រីបានបញ្ជាក់ថា ជាការពិតអំឡុងពេលមានវិបត្តិកូវីដ១៩ ចង់​ ឬមិនចង់ អ្នកជំនាញនៃវិស័យទេសចរណ៍ បានផ្អាកពីជំនាញនេះ ដើម្បីស្វះស្វែងរកជំនាញផ្សេង ក្នុងការបំពេញការងាររកប្រាក់ចំណូល ដូច្នេះបច្ចុប្បន្ននេះអ្នកជំនាញទាំងនោះ ពុំទាន់វិលត្រលប់មកអស់នោះទេ ដោយសារតែអាចនឹងជាប់កុងត្រាការងារថ្មី ឬមិនទាន់ច្បាស់លាស់ពីវិស័យទេសចរណ៍ ឬអ្នកខ្លះទៀតមានវ័យចាស់ជ្រុល ដែលមិនអាចឲ្យពួកគាត់ត្រឡប់ មកបំពេញការងារនេះ​សារជាថ្មី៕