(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបើកកិច្ចប្រជុំចាប់ឆ្នោតផ្គូរផ្គង់ជ្រើសរើសក្រុម ដើម្បីប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ «កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤» ដោយមានការចូលរួមពី លោកនាយសេនាធិការរង ប្រធានមន្ទីរ ព្រមទាំងនាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

គោលការណ៍នៃការប្រកួតកីឡាដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញនេះផងដែរ គឺតម្រូវឲ្យអង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមមាន មន្ទីរចំនួន៧, វរអន្តរាគមន៍ចំនួន១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន១៤ ត្រូវបង្កើតក្រុមតាមអង្គភាពរៀងខ្លួន ដោយជ្រើសរើសកីឡាករចេញពីអង្គភាពខ្លួនឯង ដើម្បីចូលរួមធ្វើការប្រកួត ដោយប្រើរូបមន្ត ប្រកួតជម្រុះក្នុងពូល និងជ្រើសរើសយកក្រុមដែលឈ្នះ ក្នុងពូលនីមួយៗ មកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

គោលបំណង នៃការរៀបចំការប្រកួតកីឡាបាល់ទាត់នេះ ក៏ដូចជាឆ្នាំមុនៗដែរ គឺដើម្បីនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស ជាពិសេសការគាំទ្រវិស័យកីឡាបាល់ទាត់ គឺឆន្ទៈដ៏មុតមាំរបស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលមានតាំងពីលោកនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមកម៉្លេះ៕