(បន្ទាយមានជ័យ)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទារខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិកុមារ កិច្ចការពារកុមារ និងច្បាប់នានាដែលពាក់ព័ន្ធនឹងកិច្ចការពារកុមារ ចំណាកស្រុកដោយសុវត្ថិភាព និងការជួញដូរមនុស្ស ក្រោមអធិបតីភាព លោកស្រី សម្បត្តិ សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្ត។

ពិធីនេះដែរបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដោយមានាការចូលរួមពីលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចខេត្ត លោក លោកស្រី មន្ទីរអង្គភាពស្ថាប័ន ពាក់ព័ន្ធ សមត្ថកិច្ចពាក់ព័ន្ធ មានរយៈពេលមួយថ្ងៃពេញ ធ្វើឡើងនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទារខេត្តបន្ទាយមានជ័យ។

លោកស្រី រស់ សុផានី បានឱ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សេដ្ឋកិច្ច និងសង្គមជាតិ ត្រូវបានជំរុញស្តារ និងអភិវឌ្ឍន៍បន្ថែមទៀត រហូតធ្វើឲ្យសម្រេចកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ក្នុងពីរទសវត្សរ៍ចុងក្រោយនេះ ហើយត្រូវបានប្រទេសនានាក្នុងតំបន់ និងលើពិភពលោកទទួលស្គាល់នូវការប្រែប្រួលឈានឡើងយ៉ាងឆាប់រហ័សរបស់កម្ពុជា បានបង្កើតនូវឱកាសជាច្រើនថែមទៀត ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលបានបង្កើតយន្តការការពារកុមារជាច្រើន ដែលមានរចនាសម្ព័ន្ធពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន និងកំពុងដំណើរការក្នុងតួនាទីភារៈកិច្ចផ្សេងៗពីគ្នា។

លោកស្រី រស់ សុផានី បានបន្តថា យើងសង្កេតឃើញថាស្ត្រី និងកុមារនៅជួបបញ្ហាប្រឈមមួយចំនួនមានជាអាទិ៍៖ អំពើហិង្សាលើស្ត្រី និងកុមារ ការរំលោភបំពានផ្លូវភេទ ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការបំពានសារធាតុញៀន និងការធ្វើចំណាកស្រុកដោយភាពប្រថុយប្រថាន បាននឹងកំពុងបន្តកើតមាន ហើយទន្ទឹមនឹងនោះក៏មានកិច្ចការខ្លះចាំបាច់ត្រូវពុះពារកែលម្អបន្ថែមទៀតដូចជា ការក្ដាប់សភាពការណ៍ ការប្រមូលទិន្នន័យ និងផ្តល់របាយការណ៍នៅយឺតយ៉ាវ កិច្ចសហការជាមួយអង្គការដៃគូ និងស្ថាប័នមានសមត្ថកិច្ចនៅមានកម្រិត ហើយធនធានមនុស្សសម្រាប់អនុវត្តការងារមានចំនួនតិច។

លោកស្រី រស់ សុផានី បានបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក្តី យើងសង្ឃឹមនឹងជឿជាក់ យ៉ាងមុតមាំថា វត្តមានរបស់លោក លោកស្រី ក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ពិតជាចូលរួមក្នុងការពិភាក្សា ផ្លាស់ប្តូរយោបល់លើការលំបាក ចំណុចខ្វះខាត និងចែករំលែកបទពិសោធន៍ល្អៗ ដែលអាចប្រមូលផ្តុំ និងពង្រឹងកិច្ចសហការអនុវត្តឱ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត៕