(កំពង់ធំ)៖ លើកឡើងក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវាអនុវត្តន៍ខេត្តកំពង់ធំ រសៀលថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤ លោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំបានថ្លែងថា សហភាពសហព័ន្ធយុវជនកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ជួយដល់កិច្ចការសង្គមគ្រប់ស្ថានភាពទាំងអស់ក្នុងករណីចាំបាច់ណាមួយ។

លោក ជា វ៉ាន់ចាន់ បានបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា មានដើមកំណើតតាំងពីឆ្នាំ១៩៧៨ ដែលមានឥស្សរជនជាន់ខ្ពស់ សមមិត្ត ជា ស៊ីម សមមិត្ត ហេង សំរិន និងសមមិត្ត ហ៊ុន សែន ដែលបានកសាង និងដឹកនាំក្រុមយុវជនបង្កើតចលនាតស៊ូរំដោះ ប្រទេសចេញពីរបបប៉ុលពត ហើយសព្វថ្ងៃនេះក្រុមការងារយុវជនសសយកកំពុងតែពង្រីកខ្លួនគៀងគរក្រុមយុវជនដើម្បីចូលរួមកិច្ចការសង្គមក្នុងការថែរក្សាសមិទ្ធិផលចាស់ និងចូលរួមអភិវឌ្ឍន៍នូវសមិទ្ធផលថ្មីព្រមទាំងចូលរួមថែរក្សាការពារសុខសន្តិភាពឲ្យបានស្ថិរថេរ គង់វង្ស យូរអង្វែង។

លោកបន្តទៀតថា ក្រុមការងារយុវជន ស.ស.យ.ក.គឺជាការប្រមូលផ្ដុំមនុស្សគ្រប់និន្នាការទាំងអស់ដើម្បីចូលរួមសម្របសម្រួលបម្រើកិច្ចការងារសង្គមដោយស្ម័គ្រចិត្ត ព្រមទាំងធ្វើជាគំរូដ៏ល្អមួយដល់បងប្អូន ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូលផងដែរ។ លើសពីនេះទៅទៀតសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំខាងមុខទៀត ដោយខិតខំពង្រឹងសមត្ថភាពស្មារតីព្រមទាំងជំរុញ និងពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយដល់គ្រប់បណ្ដាអង្គភាពទាំងអស់ក្នុងកិច្ចការ អប់រំ វប្បធម៌ សិល្បៈ មនុស្សធម៌ និងកិច្ចការផ្សេងៗទៀតដោយការលះបង់ ថវិកា ស្មារតី និងសម្ភារៈ ដោយមិនគិតពីឋានៈតួនាទី ឬក៏ឋានន្តរសក្កិអ្វីឡើយ។

លោកបានបញ្ជាក់ថា ស.ស.យ.ក នេះស្ដែងចេញពីការផ្សារភ្ជាប់រវាងការងារស្នូលរបស់ខ្លួនជាមួយនឹងប្រជាជន ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលចង់បានហើយយុវជន ស.ស.យ.ក ដែលជាអ្នកបន្តវេនមានឱកាសក្លាយជាអាជ្ញាធរភូមិ ដូចជាសមាជិកភូមិអនុភូមិឬក៏មេភូមិ ហើយក្រុមការងារសសករមួយចំនួនទៀតក៏អាចក្លាយជាថ្នាក់ដឹកនាំកំពូលផងដែរ។

លោក ជា វ៉ាន់ចាន់ ក៏បានកោតសរសើរដល់ប្រធាន ស.ស.យ.ក មន្ទីរឧស្សាហកម្ម សិប្បកម្ម វិទ្យាសាស្រ្ត និងនាវានុវត្តន៍ ដែលបានខិតខំពង្រឹងក្រុមការងារដោយចាប់ផ្ដើមពីសមាជិក ៥នាក់រហូតដល់ចំនួន២៤ នាក់ ដែលនេះឆ្លុះបញ្ចាំងអោយឃើញពីការលះបង់ខ្ពស់ក្នុងកិច្ចការមួយនេះ។ លោកក៏បានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ខិតខំពង្រីកកិច្ចការមួយនេះកាន់តែទូលំទូលាយក្នុងកិច្ចការសង្គម ដើម្បីសម្រេចឱ្យបាននៅផ្លែផ្កានិងសមិទ្ធផលជូនជាតិមាតុភូមិ៕