(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានរៀបចំ ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ ក្រុមហ៊ុន តែលកូថេក (Telcotech Ltd.) នៅផ្សារមូលបត្រកម្ពុជា (ផមក) ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។

ពិធីចុះបញ្ជីលក់មូលបត្រជាផ្លូវការនេះ ក៏មានការអញ្ជើញចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, លោក លោកស្រី តំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវជាតិ និង អន្តរជាតិជាច្រើនរូប។

ថ្លៃងក្នុងពិធីនេះ លោកបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្រាបជូនអង្គពិធីថា ការចុះបញ្ជីលក់មូលបត្រ ក្នុងថ្ងៃនេះ គឺជាការចុះបញ្ជីលក់មូលបត្របំណុលលើកទី ២ របស់ក្រុមហ៊ុន បន្ទាប់ពីការចុះបញ្ជីលក់មូលបត្របំណុល លើកទី ១ កាលពីខែ កញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ។ តាមរយៈទីផ្សារមូលបត្រកម្ពុជា, ក្រុមហ៊ុនបានកៀរគរទុនក្នុងទំហំបោះផ្សាយលើកនេះ ប្រមាណ ២០ លានដុល្លារអាមេរិក បន្ថែមទៅលើការកៀរគរទុន ក្នុងទំហំបោះផ្សាយលើកទី ១ ប្រមាណ ២០លានដុល្លារអាមេរិក។

លោកបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះស្មារតី និង ឆន្ទៈដ៏មោះមុតរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និង ថ្នាក់ដឹកនាំនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបាននាំក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្នុងការបោះជំហានចូលរួមយ៉ាងសកម្មក្នុងផ្សារមូលបត្រកម្ពុជា តាមរយៈការចុះបញ្ជីលក់មូលបត្រ (ទាំងមូលបត្រកម្មសិទ្ធិ និង មូលបត្របំណុល) ជាបន្តបន្ទាប់។ ការណ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ផ្សារមូលបត្រកម្ពុជា មិនត្រឹមតែជាប្រភពកៀរគរមូលធនមិនចេះរីងស្ងួតសម្រាប់ក្រុមហ៊ុន ហើយថែមទាំងបានចូលរួមចំណែកក្នុងការពង្រឹង និង ពង្រីកវិសាលភាព និង សក្តានុពលអាជីវកម្មរបស់ក្រុមហ៊ុន ផងដែរ។

លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ទីផ្សារមូលបត្រកម្ពុជាមានការរីកចម្រើន និង ទទួលបានការចុះបញ្ជីលក់មូលបត្រជាបន្តបន្ទាប់ ពីសំណាក់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រក្នុងស្រុក ដែលការណ៍នេះសបញ្ជាក់ឲ្យឃើញពីការយល់ដឹងរបស់ក្រុមហ៊ុនសក្ដានុពល ទៅលើអត្ថប្រយោជន៍ និង សក្តានុពលនៃការកៀរគរមូលធន តាមរយៈទីផ្សារមូលបត្រ ដើម្បីទទួលបានដើមទុនបន្ថែមក្នុងការពង្រីកអាជីវកម្ម ឱ្យកាន់តែរីកចម្រើន។ បន្ទាប់ពីការចុះបញ្ជីលក់មូលបត្របំណុលជាសាធារណៈរបស់ក្រុមហ៊ុន តែលកូថេក, ក្រុមហ៊ុនមួយចំនួនទៀត បាននិងកំពុងរៀបចំខ្លួន និង ស្ថិតក្នុងដំណើរការនៃការស្នើសុំបោះផ្សាយលក់មូលបត្រ ដែលយើងរំពឹងថាក្រុមហ៊ុនទាំងនោះអាចនឹងធ្វើការចុះបញ្ជីលក់មូលបត្ររបស់ខ្លួនជាបន្តបន្ទាប់ នាពេលឆាប់ៗខាងមុខផងដែរ។

លោក ហុង សុហួរ បានគូសរំលេចថា ផ្សារមូលបត្រកម្ពុជានឹងក្លាយជាជម្រើសដ៏ល្អបំផុត ក្នុងការជួយគាំទ្រម្ចាស់អាជីវកម្មដែលកំពុងត្រូវការមូលធន ជាពិសេសក្នុងកាលៈទេសៈដែលស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមានសភាពមិនអំណោយផល តាមរយះការធ្វើពិពិធកម្មមូលធន មិនថាជាការលក់មូលបត្រកម្មសិទ្ធិ ឬ មូលបត្របំណុល ។ លោកបានលើកទឹកចិត្តម្ចាស់អាជីវកម្មទាំងអស់ឱ្យចេះប្រើប្រាស់លុយអ្នកដទៃ ដើម្បីពង្រីក និង ជំរុញកំណើនសក្តានុពលអាជីវកម្មរបស់ខ្លួន ប្រកបដោយចីរភាព និង ឆ្ពោះទៅកាន់យុគសម័យឌីជីថល។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្ថែមថា ការបោះផ្សាយលក់មូលបត្រ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់ការគ្រប់គ្រង និង អភិបាលកិច្ចក្រុមហ៊ុន ក៏ដូចជាសង្គម-សេដ្ឋកិច្ចជាតិទាំងមូល តាមរយៈ ១. ការបង្កើនប្រសិទ្ធភាពមូលធន, ២. ការលើកកម្ពស់ភាពប្រកួតប្រជែង, ៣. ការធ្វើពិពិធកម្មប្រភពធនធានហិរញ្ញវត្ថុ, ៤. ការបង្កើនប្រភពចំណូល និង ជម្រើសបន្ថែមសម្រាប់វិនិយោគិន, ៥. ប្រចក្សភាពនៃតម្លៃរបស់ក្រុមហ៊ុន, និង ៦. ពង្រឹងតម្លាភាព និង អភិបាលកិច្ចសាជីវកម្ម។

ក្នុងន័យនេះ លោកបណ្ឌិតសភាចារ្យ បានលើកទឹកចិត្ត និង ជំរុញតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និង ក្រុមហ៊ុនមូលបត្រ ឱ្យពង្រឹងកិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាល និង ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការកៀរគរមូលធនតាមរយៈទីផ្សារមូលបត្រ ឱ្យបានកាន់តែទូលំទូលាយ និង ផុលផុសថែមទៀត សំដៅទាក់ទាញក្រុមហ៊ុនសក្តានុពលឱ្យឈានចូល និង ចាប់យកផលប្រយោជន៍ជាអតិបរមា ពីការកៀរគរមូលធនក្នុងផ្សារមូលបត្រនេះ៕