(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់ថា ទូទាំងខេត្តព្រះសីហនុ នៅមានក្រុងស្រុកចំនួន៤ មិនទាន់ទទួលបាន ODF (ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល) រួមមាន៖ ក្រុងកោះរ៉ុង ស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ ដោយឡែកក្រុងព្រះសីហនុ គឺទទួលបាន ODFរួចហើយ ដូច្នេះអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់នៃការបន្ទោរបង់ពាសវាលពាសកាលឱ្យបានកាន់តែសកម្មថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥។

លោក គួច ចំរើន បានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្នុងកម្មពិធីបើកសាលាស្តីពីការពន្លឿនការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ដោយមានការចូលរួមពីលោកអភិ បាលរងខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នាយកប្រតិ បត្តិអង្គការភ្លែនអន្តរជាតិកម្ពុជា មេឃុំ ចៅសង្កាត់ នៅសណ្ឋាគារសុខា។

លោក គួច ចំរើន ក៏បានដាក់វិធានការ និងបង្កើតគណៈកម្មការថ្នាក់ខេត្ត ក្រុង ស្រុក ដោយមានការចូលរួមពីរអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ដើម្បីចុះស្រង់ស្ថិតិនៅចំនួនជាក់លាក់អំពីស្ថានភាពការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ និងមានប្រជាពលរដ្ឋក្រីក្រប៉ុន្មានគ្រួសារដែលពួកគាត់នៅមានការខ្វះខាត ក្នុងការសង់បង្គនអនាម័យ។

លោកបានស្នើសុំឲ្យអាជ្ញាធរ ឃុំ សង្កាត់ ធ្វើការផ្សព្វផ្សាយសកម្មភាពODFនេះ ឱ្យបានទូលំទូលាយជាផ្នែកមួយក្នុងការចូលរួមប្រឡងប្រណាំង ឃុំសង្កាត់ ដែលបានផ្ដល់សេវាល្អ ហើយត្រូវស្រង់ស្ថិតិឲ្យបានចប់នៅក្នុងខែមករា ឆ្នាំ២០២៤ ដើម្បីដឹងពីចំនួនប្រជាពលរដ្ឋដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ ហើយអាជ្ញាធរឃុំសង្កាត់ត្រូវជំរុញឲ្យការកសាង និងលើកទឹកចិត្តពួកគាត់ ដោយលើកឡើងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បង្គន់អនាម័យ ដែលធ្វើឲ្យពួកគាត់មានសុខភាពល្អមិនប៉ះពាល់បរិស្ថានកូនចៅមានការលូតលាស់ល្អគ្រួសារមានសុភមង្គលទាំងអស់នេះគឺជាផ្នែកមួយក្នុងការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមកសាងបង្គន់អនាម័យតាមលំនៅដ្ឋានបានគ្រប់ៗគ្នា។

អភិបាលខេត្តបានគូសបញ្ជាក់ថា សូមឱ្យក្រុមការងារទាំងថ្នាក់ខេត្ត ថ្នាក់ស្រុក អាជ្ញាធរមូលដ្ឋានឃុំសង្កាត់ត្រូវតែជំរុញរយៈពេល ៣ខែ ចាប់ពីខែមករានេះទៅ ត្រូវតែផ្ដល់របាយការណ៍មកដល់ខេត្តដើម្បីលោកពិនិត្យថា តើបញ្ហាប្រឈមអ្វីខ្លះបញ្ហាសេសសល់ ភូមិឃុំប៉ុន្មាន ងាយស្រួលក្នុងការជំរុញឲ្យភូមិឃុំទាំងអស់ទទួលបាន ODF គ្រប់គ្នា ដើម្បីបញ្ចប់នៅការបន្ទោរបង់ពាសវាលពាសកាលរនៅទូទាំងខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលដែលនៅឆ្នាំ២០២៥ ត្រូវបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលបន្តទៅទៀត។

លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានលើកឡើងថា កិច្ចប្រជុំរបស់ក្រុមការងារបច្ចកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតសុខភាព និងអនាម័យជនបទ ដើម្បីពន្លឿនស្ថានភាពការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល របស់ខេត្តព្រះសីហនុនាពេលនេះ គឺមានគោលបំណងដើម្បីធ្វើការបង្ហាញរបាយការណ៍រីកចំរើនការងារផ្គត់ផ្គង់ទឹកស្អាតសុខភាព និងអនាម័យជនបទរបស់ស្រុក-ក្រុងទាំង៤ ក្នុងខេត្តព្រះសីហនុ។ ធ្វើផែនការណែនាំ និងជំរុញភូមិដែលពុំទាន់បញ្ឈប់បន្ទោបង់ពាសវាលពាសកាល របស់ស្រុក-ក្រុងទាំង៤ក្នុងខេត្តព្រះសីហនុ តាមរយ:ការផ្សព្វផ្សាយ និងផ្តល់សម្ភារ:សម្រាប់ការសាង់សង់បង្គន់អនាម័យ (ក្រសួងបានផ្តល់ឲ្យ)។

ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្ត ស្រុក-ក្រុង ឃុំ-សង្កាត់ មន្ទីរពាក់ព័ន្ធ (សមាជិកPWG) នឹងអង្គការដៃគូរនានាធ្វើឱ្យស្ថានភាពអនាម័យនៅតាមជនបទរបស់ខេត្ព្រះសីហនុមានការផ្លាស់ប្តូរ តាមរយៈការអប់រំផ្សព្វផ្សាយពីអនាម័យជាពិសេសអាជ្ញាធរមូលដ្ឋាន មានផែនការចុះបំផុសឱ្យប្រជាពលរដ្ឋ មានការយល់ដឹងផលប៉ះពាល់នៃការកង្វះអនាម័យ និងសារៈសំខាន់នៃការអនុវត្តសារទាំងបីមាន ១៖ បន្ទោបង់ក្នុងបង្គន់ ២៖ លាងសម្ងួតដៃនឹងសាប៊ូរនៅពេលសំខាន់ៗ ៣៖ ហូបទឹកសុវត្ថិភាព ហើយរួមផ្សំនិងវឌ្ឍនភាពសង្គមប្រសើរឡើងទាំងនោះធ្វើឱ្យគាត់បោះបង់ទម្លាប់ចាស់ បន្ទោបង់ពាសវាលពាសកាល៕