(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ស្អែកនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នឹងដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិការបស់សមាគមសរុបចំនួន២០០រូប ចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង។

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កម្មវត្ថុនៃការចូលគាល់ព្រះមហាក្សត្រ និងហ្លួងម៉ែ នៅថ្ងៃស្អែកនេះ គឺដើម្បីថ្វាយរបាយការណ៍អំពីវឌ្ឍនភាពនៃសមាគមឧកញ៉ាកម្ពុជា និងការនាំយកតង្វាយសប្បុរសធម៌ ពីសប្បុរជនដែលជា អ្នកឧកញ៉ា ឧកញ៉ានៃសមាគមឧកញ៉ាកម្ពុជា ចំនួន៧១រូប។

សូមជម្រាបថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

ទស្សនៈវិស័យរបស់ ស.ឧ.ក គឺរក្សា និងលើកកម្ពស់ឧត្តមភាពនៃគោរមងារឧកញ៉ា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។ បេសកកម្មចំបងៗរបស់ ស.ឧ.ក. រួមមាន៖
១៖ តំណាងឲ្យសម្លេងរួម សកម្មភាពមនុស្សធម៌រួម និងការរក្សាការពារឧត្តមភាពនៃគោរមងារឧកញ៉ា។
២៖ រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។
៣៖ លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។
៤៖ បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ភាពជាដៃគូ នៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕