(ភ្នំពេញ)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសមន្ដ្រីសម្រុះសម្រួលដោះស្រាយវិវាទ ចំនួន៣០រូប និងផ្ដល់អាទិភាពសម្រាប់អ្នកធ្លាប់បម្រើការងារផ្នែកច្បាប់ ឬមន្ដ្រីផ្នែកច្បាប់ដែលបានចូលនិវត្តន៍។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា មន្ដ្រីចំនួន៣០រូប ត្រូវជ្រើសរើសពីក្នុងចំណោម បេក្ខជនដែលមានសញ្ញាតិខ្មែរ និងមិនធ្លាប់ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ព្រមទាំងមានគុណវុឌ្ឍណាមួយ ដូចខាងក្រោម៖

*ទី១៖ អតីតចៅក្រម អតីតព្រះរាជអាជ្ញា អតីតក្រឡាបញ្ជី ឬអតីតអាជ្ញាសាលា ដែលបានប្រកបវិជ្ជាជីវៈ រយៈពេលយ៉ាងតិច៣ឆ្នាំ
*ទី២៖ មេធាវី ឬសារការី ដែលបានប្រកបវិជ្ជាជីវៈ រយៈពេលយ៉ាងតិច៣ឆ្នាំ
*ទី៣៖ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាល ឬមជ្ឈត្តករ ដែលមានបទពិសោធន៍ការងារដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ រយៈពេលយ៉ាងតិច៣ឆ្នាំ
*ទី៤៖ ឥស្សរជន ឬមន្ត្រីសាធារណៈ ដែលមានបទពិសោធន៍ការងារពាក់ព័ន្ធនឹងការដោះស្រាយវិវាទ រយៈពេលយ៉ាងតិច៣ឆ្នាំ
*ទី៥៖ បុគ្គលដែលមានសញ្ញាបត្រ ឬវិញ្ញាបនបត្រជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ដែលទទួលស្គាល់ដោយក្រសួងយុត្តិធម៌
*ទី៦៖ បុគ្គលដែលមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឡើងទៅ និងមានបទពិសោធន៍ការងារពាក់ព័ន្ធនឹងការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ រយៈពេលយ៉ាងតិច៣ឆ្នាំ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចមកទទួលយកពាក្យសុំចូលជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នៅអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក, ឬទាញយកតាមរយៈ QR Code ដែលមានបង្ហាញនៅផ្នែកខាងក្រោមនៃសេចក្តីជូនដំណឹងនេះ ហើយត្រូវបំពេញពាក្យសុំ និងយកមកដាក់ដោយផ្ទាល់នៅអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. មានទីតាំងស្ថិតនៅជាន់ទី១ នៃអគាររដ្ឋបាលពហុបំណង នៃវិស័យយុត្តិធម៌ក្នុងបរិវេណបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានអាសយដ្ឋាននៅមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕