(កណ្ដាល)៖ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងសហការី នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកស្រី សុខ ឆវី ដែលបានស្លាប់បាត់បង់ជីវិត ដោយឧបទ្ទហេតុ គ្រោះថ្នាក់អគ្គិភ័យឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ បោកគក់ប៉ាក់ និងបោះពុម្ព (យីដា មេនូ ហ្វេកឆឺរើខូលអិលធីឌី) Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ស្ថិតក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ លោក នូវប៉េង ច័ន្ទតារា និងសហការី បានចូលរួមរំលែកនូវមរណទុក្ខដោយក្តីអាណិតអាសូរ និងស្រណោះអាឡោះអាល័យជាទីបំផុតជាមួយគ្រួសារសពដែលបានបាត់បត់កូនស្រី ជាម្ដាយ ជាភរិយា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌របស់កូន។ លោកអភិបាលរង ក៏សូមឧទ្ទិសបួងសួងនូវមហាកុសលផលបុណ្យទាំងឡាយ ជូនចំពោះដួងវិញ្ញាណក្ខន្ធសព លោកស្រី សុខ ឆវី សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះផងដែរលោកអភិបាលរងខេត្ត ក៏បាននាំយកថវិការបស់លោកអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ចំនួន ២០លានរៀល និងថវិការរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលចំនួន ១០លានរៀល សម្រាប់ចូលបុណ្យសពផងដែរ។

គួរបញ្ជាក់ដែរថា គ្រោះថ្នាក់អគ្គិភ័យឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ បោកគក់ប៉ាក់ និងបោះពុម្ព (យីដា មេនូ ហ្វេកឆឺរើខូលអិលធីឌី) Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល វេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិឫស្សី ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំពោះគ្រោះអគ្គិភ័យនេះ បានបង្កឱ្យស្ត្រីម្នាក់បានបាត់បង់ជីវិត ក្នុងភ្នក់ភ្លើង និង៥នាក់រងរបួស ក្នុងហេតុការណ៍ឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅក្នុងខេត្តកណ្តាលផងដែរ៕