(ព្រៃវែង)៖ ប្រជាពលរដ្ឋជាច្រើននាក់ មានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះមន្រ្តីមួយក្រុម នៅប៉ុស្ដិ៍ត្រួតពិនិត្យ រថយន្តដឹកទំនិញមួយ ស្ថិតនៅខាងកើតស្ពានអ្នកលឿង ក្នុងទឹកដីស្រុកលើកដែក ខេត្តកណ្តាល នៅតែបណ្ដោយឱ្យរថយន្ត ដឹកទំនិញធំៗ បើកឆ្លងកាត់ឡើងលើស្ពាន ស្ទើររាល់ថ្ងៃ រាល់យប់ ប៉ុន្តែមិនដែលឃើញក្រុមមន្រ្តីទាំងនេះ កាក់រថយន្តដើម្បីត្រួតពិនិត្យនោះទេ។
ការលើកឡើងបែបនេះ របស់ប្រជាពលរដ្ឋ ដោយសារមានរថយន្តដឹកទំនិញធំៗ ពេលបើកមកដល់ប៉ុស្តិ៍ត្រួតពិនិត្យ ជិតគល់ស្ពានអ្នកលឿងម្ដងៗ តែងតែមានអ្នកជិះអែបតៃកុងឡាន រត់ចូលទៅក្នុងប៉ុស្តិ៍ ហើយបើករថយន្តចេញទៅបាត់។
ប្រជាពលរដ្ឋ បានបង្ហើបឱ្យដឹងថា ពួកគាត់បានធ្វើដំណើរឆ្លងកាត់ស្ពាន អ្នកលឿងជាញឹកញាប់ ហើយបានឃើញសកម្មភាពមិនប្រក្រតីដូចខាងលើ តែមិនមានមន្ត្រីណាម្នាក់ ចេញមកពិនិត្យ រថយន្តធំៗទាំងនោះទេ។
ប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំង ពិសេសនៅពេលយប់តែម្ដង ដោយពួកគាត់បានសង្កេតមើលឃើញ នៅតែមានរថយន្តដឹកទំនិញធំៗ បើកបរឆ្លងកាត់ស្ពានអ្នកលឿង រៀងរាល់យប់ដដែល ទោះជាមានការប្រកាសទប់ស្កាត់ ពីក្រសួងពាក់ព័ន្ធនានា ក៏ដោយក្ដី តែមន្រ្តីប៉ុស្តិ៍ត្រួតពិនិត្យនៅគល់ស្ពាននោះ មិនឃើញចេញមកពិនិត្យអ្វីសោះ។
បញ្ហាទាំងនេះ នៅតែបង្កឱ្យមានការខូចខាតដល់បេតុងស្ពានដដែល ដោយសារតែមន្រ្តីប៉ុស្តិ៍ត្រួតពីនិត្យទាំងនោះ មិនបំពេញការងារឱ្យបានត្រឹមត្រូវច្បាស់លាស់៕