(បន្ទាយមានជ័យ)៖ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ដែលជាតំណាងរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឲ្យលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងក្រុមការងារចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញជូន លោកអភិបាលរង លោកនាយករងរដ្ឋបាលខេត្ត លោកប្រធានអង្គភាពច្រកចេញចូលតែមួយរបស់ខេត្តនិងមន្ត្រីរបស់ខេត្តផងដែរ។

លោក ថេន សំវិសុទ្ធ បានរៀបរាប់ជូនអំពីប្រភេទសេវាដែលប្រៃសណីយ៍កម្ពុជាបាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋ មានដូចជាៈ សេវាបញ្ញើឆាប់រហ័ស EMS (សម្រាប់ឯកសារ និងទំនិញ) ក្នុង និងក្រៅប្រទេស សេវាប្រអប់ប្រៃសណីយ៍ ( Post_Pack) សេវាបញ្ជូនលិខិតវិលជុំរបស់តុលាការ សេវារថយន្តប្រៃសណីយ៍ដឹកអ្នកដំណើរ (Postal VIP Van) សេវារថយន្តដឹកអ្នកដំណើរទៅ-មកសម្រាប់ក្រុងសៀមរាប និងព្រលានយន្តហោះអន្តរជាតិក្រុងសៀមរាប និងសេវាជាច្រើនផ្សេងទៀត។

ជាពិសេសទៀតនោះ គឺកិច្ចសហការរវាងប្រៃសណីយ៍កម្ពុជាជាមួយសាលាខេត្ត និងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្តព្រះសីហនុ ដើម្បីផ្តល់សេវាចែកចាយលិខិត ឬឯកសារជូនប្រជាពលរដ្ឋដល់ទីលំនៅ។

លោកអភិបាលរងមានចំណាប់អារម្មណ៍អំពីសេវារបស់ប្រៃសណីយ៍កម្ពុជាដែលផ្តល់ជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ អាចជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងថែមទាំងចំណេញពេលវេលារបស់ពួកគាត់ថែមទៀត។

លោកបានគាំទ្រ និងបានអនុញ្ញាតឲ្យប្រៃសណីយ៍កម្ពុជាធ្វើការសហការជាមួយអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ។ លោកអភិបាលរងស្នើឲ្យមានការរៀបចំអនុស្សរណៈយោគយល់ សម្រាប់កិច្ចសហការគ្នារវាងសាលាខេត្តបន្ទាយមានជ័យ និង ប្រៃសណីយ៍កម្ពុជា៕