(ភ្នំពេញ)៖ យុវជនរាប់រយនាក់ នៅតែបន្តមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាបន្តបន្ទាប់ ក្រោយប្រកាសបើកបវេសនកាលវគ្គទី១ ប្រព្រឹត្តទៅយ៉ាងរលូន នៅទូទាំងប្រទេស។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ មករា ឆ្នាំ២០២៣។

បើតាមលោក កត្តា អ៊ន ក្រសួងការងារ បានបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថ្មីៗកន្លងទៅ ដែលក្នុងនោះមានសិស្សចំនួន១៥,០០០នាក់ ត្រូវបានបែងចែកជា ៥០០ថ្នាក់បច្ចេកទេសនៅទូទាំងប្រទេស។

លោក កត្តា អ៊ន បានបន្តថា៖ «បន្ទាប់ពីបើកវគ្គនៃការបណ្តុះបណ្តាលដំបូងនេះរួច នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេស នៅតែទទួលបានយុវជន បានមកចុះឈ្មោះចូលរៀនជំនាញជាបន្តបន្ទាប់នៅទូទាំងប្រទេសដដែល ខណៈគិតត្រឹមថ្ងៃទី១៨ មករានេះក្រសួងការងារទទួលបានយុវជនចុះឈ្មោះចូលរៀនចំនួន ២៥៣២៧នាក់ហើយ»

លោកគូសបញ្ជាក់ថា បើទោះបីជាក្រសួងការងារ បានបើកបវេសនកាលវគ្គទី១ ជាផ្លូវការរួចហើយយ៉ាងណាក្តី ក៏ប៉ុន្តែនៅតាមបណ្តាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស
នៅទូទាំង ប្រទេសនៅតែបន្តទទួលយុវជនចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាលនេះ ពោលគឺយុវជនដែលមិនទាន់បានចុះឈ្មោះវគ្គទី១ នៅតែអាចមកចុះឈ្មោះ ចូលរៀនជំនាញនេះ បានជារៀងរាល់ថ្ងៃ។

ជាថ្មីម្ដងទៀត លោក កត្តា អ៊ន បានអំពាវនាវឱ្យអាណាព្យាបាល និងយុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឱ្យរួសរាន់មកចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានទាំងឡាយណាដែលនៅក្បែរពួកគេ។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល។

សូមជម្រាបផងដែរថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូងដែលមានយុវជនចំនួន១៥,០០០នាក់ ក្នុងនោះមាន៥០០ថ្នាក់បណ្តុះបណ្តាលនៅទូទាំងប្រទេស៕