(ភ្នំពេញ)៖ «ខ្ញុំ​សុខចិត្ត​លះបង់ការងារ​គ្រប់យ៉ាង​​ មក​ចូលរួម​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​ ដើម្បី​រក​ថវិកា​ជួយ​ពេទ្យ​គន្ធបុប្ផា​ ព្រោះនេះ​ការងារមាន​តម្លៃ​សម្រាប់​សង្គម​ ជា​ពិសេស​ជួយដល់​កុមារ​​កម្ពុជា​។ យើងដឹងហើយថា មន្ទីរ​ពេទ្យគន្ធបុប្ផានេះ បាន​ជួយ​ព្យាបាល​កុមារកម្ពុជា ​ដោយ​មិន​យកប្រាក់ ដូច្នេះខ្ញុំ​ចង់​ចូល​រួម​ជួយ​​​តាម​លទ្ធភាព​ ដោយមិន​យក​ប្រាក់ឡើយ ហើយបើលើកក្រោយ​មាន​កម្មវិធីនេះទៀត ខ្ញុំក៏រីករាយនឹងបន្តចូលរួមផងដែរ»។ នេះជាសម្ដីពិត ចេញពីក្រអៅបេះដូង របស់តារាចម្រៀងដ៏ល្បីម្នាក់ ​ប្រចាំក្នុងផលិតកម្ម សាន់ដេ គឺកញ្ញា សុខ ពិសី ដែលនាងបានលះបង់ ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីជួយដល់កុមារកម្ពុជា តាមរយៈការរួមចំណែក ជាមួយមន្ទីរពេទ្យគន្ធបុប្ផា។

ថ្លែងប្រាប់សារព័ត៌មាន Fresh News និង KhmerTalking នាពេលថ្មីៗនេះ តារាចម្រៀងសាច់សខ្ចី ដូចបណ្តូលចេក របស់ផលិតកម្មសាន់ដេរ កញ្ញា សុខ ពិសី បានឲ្យដឹងថា ការប្រគំតន្ត្រីមនុស្សធម៌ នៅម៉ោង៤រសៀល ថ្ងៃទី១៧ ខែកញ្ញា​នេះ គឺរៀប​ចំ​ដោយ​សាកលវិទ្យាល័យ​​ន័រតុន​ សហការ​ជា​មួយ​ សមាគម​គ្រួសារ​តារា​កម្ពុជា​។

តារាចម្រៀងស្រីដ៏ល្បាញ​ល្បី​ របស់កម្ពុជា កញ្ញា សុខ ពិសី បានបញ្ជាក់ឲ្យដឹងថា ​នាងនឹងចូលរួមក្នុងការប្រគំ តន្រ្តីដ៏អស្ចារ្យមួយ នៅសាកលវិទ្យាល័យន័រតុន ដើម្បីប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះមិនមែនជាលើកទី១ទេ សម្រាប់កញ្ញា សុខ ពិសី ដែលបានចូលរួម ក្នុងសកម្មភាពមនុស្សធម៌ និងជួយដល់សង្គម ពោលគឺនាងបានធ្វើការងារ​ជាច្រើន លើកច្រើនសារមកហើយ។

កញ្ញា សុខ ពិសី បញ្ជាក់ទៀតថា «ការចូលច្រៀងក្នុងកម្មវិធីប្រគំតន្ត្រី ដើម្បីស្វែង​រកថវិកា​ជួយមន្ទីរពេទ្យគន្ធបុប្ផានេះ ខ្ញុំចូលរួម​ដោយមិនទាមទារតម្លៃ​ខ្លួន ​​ចេញសម្តែងអ្វីឡើយ គឺខ្ញុំសុខចិត្តឲ្យអ្នករៀបចំ កម្មវិធីនេះ បង្វិលថវិកាតម្លៃខ្លួនរបស់ខ្ញុំ ដែលច្រៀងបានទាំងអស់ ជួយទៅដល់មន្ទីរពេទ្យ​គន្ធបុប្ផា»។​

អ្វីដែលកាន់តែ មិននឹកស្មានដល់នោះ តារា​ចម្រៀង​ល្បី​រូប​នេះ​ បានបញ្ជាក់ថា នៅថ្ងៃនេះ នាងសុខចិត្ត​លុប​ចោល ​ការងារ​ផ្ទាល់​ខ្លួន​ពីរ​ គឺ​ថត​ផ្សាយពាណិជ្ជកម្ម​ម្សៅ​លាបមុខ ​និង​ថត​ខារ៉ាអូខេ ​បទ​ថ្មី​របស់​នាង ដោយ​បានស្នើសុំឲ្យខាងក្រុមហ៊ុន​ថត​ស្ប៉ត​ និង​ខារ៉ាអូខេ​ លើក​ទៅ​ថ្ងៃ​ក្រោយ​ ដើម្បីយកពេលវេលានេះ​ ចូលរួមកម្មវិធី​ប្រគំ​តន្ត្រីដ៏​សំខាន់​ ជួយដល់កុមារកម្ពុជា ដែលជាការងារសង្គមមួយ មិនអាចឲ្យនាង អវត្តមានបានឡើយ៕