(ព្រះសីហនុ)៖ ឆ្លើយតបការអំពាវនាវ របស់ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការរៀបចំកែលម្អតំបន់ឆ្នេរសមុទ្រ ឲ្យមានភាពទាក់ទាញ និងសោភ័ណ្ឌភាពនោះ លោកឧកញ៉ា ពង់ ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា បានចូលរួមឧបត្ថម្ភការសាងសង់ខ្លោងទ្វារ ចូលតំបន់ឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ ចំនួន២។
ការសាងសង់ខ្លោងទ្វារ នៅឆ្នេរឯករាជ្យចំនួន២ របស់ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា ពង់ ឃាវសែ ត្រូវបានចាប់ផ្តើម នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដើម្បីធ្វើយ៉ាងបញ្ចប់ ការសាងសង់ឲ្យរួចរាល់ មុនការប្រព្រឹត្តិទៅនៃពិធីបុណ្យសមុទ្រ ក្នុងខែធ្នូ ឆ្នាំ២០១៦។
លោក សៀវ ផេង លេខារបស់លោកឧកញ៉ា ពង់ ឃាវសែ បានបញ្ជាក់ឲ្យដឹងថា ខ្លោងទ្វារទាំង២ ដែលត្រូវបានលោកឧញ៉ា ពង់ ឃាវសែ ឧបត្ថម្ភគឺ ខ្លោងទ្វារមួយក្នុងនាមថវិកាលោកឧកញ៉ាផ្ទាល់ និងមួយទៀត ក្នុងនាមសមាគមអ្នកសាងសង់កម្ពុជា ដែលនេះជាការចូលរួមចំណែក ក្នុងការកែលម្អសោភណ្ឌ តំបន់ឆ្នេររបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងកាន់តែច្រើន។
ខ្លោងទ្វារចូលតំបន់ឆ្នេរ នៅខេត្តព្រះសីហនុ គណៈកម្មាធិការជាតិ គ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា គ្រោងនឹងសាងសង់ប្រមាណជាជិត ៣០ខ្លោងទ្វារ។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា សម្រាប់ការសាងសង់តូបកំសាន្ត និងខ្លោងទ្វារឆ្នេរទាំងអស់ មិនប្រើប្រាស់ថវិការបស់រដ្ឋនោះទេ គឺធ្វើឡើងតាមរយៈការអំពាវនាវ សប្បុរសជនជួយសាងសង់ជំនួសវិញ។
គណៈកម្មាធិការជាតិ គ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានបែងចែកតំបន់ឆ្នេរជា៣រួមមាន៖ ទី១-ឆ្នេរសមុទ្រសាធារណរបស់រដ្ឋ , ទី២-ឆ្នេរសាធារណៈរបស់រដ្ឋ ដោយមានការចូលរួមពីវិស័យឯកជន និងទី៣-ឆ្នេរកំសាន្តសាធារណរបស់រដ្ឋបែបប្រណិត៕