(ប៉ារីស, បារាំង)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង។
ក្នុងជំនួបនេះ លោក Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាប្រទេសបារាំង។ លោក Gérard Larcher បានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងនិយាយដោយទ្បែក រវាងស្ថាប័នព្រឹទ្ធសភាកម្ពុជា-បារាំង ក្នុងរយៈកាលប្រមាណ ២៥ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩មក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនោះ និងបានជម្រាបប្រធានព្រឹទ្ធសភាបារាំង អំពីលទ្ធផលនៃជំនួបជាមួយលោកប្រធានាធិបតីបារាំង ជាពិសេសវឌ្ឍនភាពកិច្ចសហប្រតិបត្តិលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ ជាអាទិ៍ វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងភាសាជាដើម។
សម្តេចធិបតី ក៏បានអញ្ជើញប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាពិសេស នៅក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាខែកុម្ភៈ ឆ្នាំ២០២៤៕