(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស្តើង សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំបើកកិច្ចប្រជុំជាមួយគណៈកម្មការអន្តរក្រសួង លើការងារដោះស្រាយផលប៉ះពាល់គម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដោយមានការចូលរួមលោក អ៉ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ និងស្ថាប័នមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ។

នាឱកាសនោះលោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញកើតឡើងក្នុងតំបន់ទំនាបលិចទឹក ដោយទឹកហូរពីតំបន់ភ្នំ ពិសេសមកពីខេត្តកំពង់ស្ពឺ ហូរចូលមកភ្នំពេញ ដូច្នេះហើយនៅរដូវវស្សារាជធានីភ្នំពេញ តែងប្រឈមនិងបញ្ហាលិចលង់ បើទោះបីយើងប្រឹងប្រែងក្នុងការដោះស្រាយយ៉ាងណាក្តី។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ឥទាន ដើម្បីដោះស្រាយបញ្ចប់ បញ្ហាទឹកជន់លិច នៅរាជធានីភ្នំពេញនេះ ហើយគម្រោងនេះមានផលប៉ះពាល់ខ្លាំង ដែលទាមទារឱ្យយើងយកចិត្តទុកដាក់ក្នុងការដោះស្រាយ ពិសេសការផ្សព្វផ្សាយ និងពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ពីសារៈសំខាន់នៃគម្រោងនេះ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ប្តេជ្ញាចិត្តថា នឹងខិតខំដោះស្រាយអោយបានល្អបំផុតជាមួយប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា កិច្ចប្រជុំនេះមានគោលដៅដោះស្រាយផលប៉ះពាល់ឱ្យបានល្អ កាត់បន្ថយឱ្យបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ផងដែរ។

លោក ស្តើង សុខុម បានថ្លែងបន្តគាំទ្រសកម្មភាពរបស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងការអភិវឌ្ឍរាជធានីបន្តទៀត និងបានអះអាងថា ជាធម្មតាមានការអភិវឌ្ឍ គឺមានបញ្ហាប្រឈម ហើយរួមនឹងបញ្ហាកកស្ទះចរាចរណ៍ផងដែរ។ ការអភិវឌ្ឍ បូករួមជាមួយការបម្រែលបម្រួលអាកាសធាតុ វាពិតជានាំមកនូវភាពលិចលង់ហើយ សូម្បីប្រទេសជឿនលឿនមួយចំនួន ដូចជានៅប្រទេសជប៉ុននិងអាមេរិកជាដើម ក៏ទទួលរងការលិចលង់ដែរ ជៀសមិនផុតទេ។

ដោយដោយមើលឃើញពីបញ្ហានេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញជាគម្រោងធំមួយ ដើម្បីដោះស្រាយ សំដៅធ្វើយ៉ាងណាកុំឱ្យលិចលង់រាជធានីភ្នំពេញទៀត។ គម្រោងនេះពាក់ព័ន្ធនឹងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ហើយម្ចាស់គម្រោងមានក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលរាជធានីភ្នំពេញ។

លោក អ៉ឹម សិទ្ធីរ៉ា បានលើកឡើងថា គោលបំណងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំយ៉ាងយូរ នៅរដូវភ្លៀងធម្មតា ដោយត្រូវអនុលោមតាមផែនការមេ ច្បាស់លាស់ នៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ដើម្បីសម្រេចបាននូវគោលបំណងនេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការរៀបចំ និងអនុវត្តផែនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដោយឈរលើមូលដ្ឋានសំខាន់ៗចំនួន៣ រួមមាន៖ ការបញ្ចៀស និងការគ្រប់គ្រងហានិភ័យនៃការជន់លិច។ ផែនការមេត្រូវមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ប្រទាក់ក្រឡា និងមានលំដាប់អាទិភាពច្បាស់លាស់ ព្រមទាំងមានភាពបំពេញឱ្យគ្នាទៅវិញទៅមក ពីគ្រប់ប្រភពហិរញ្ញប្បទាន។ ការធានានិរន្តរភាពប្រតិបត្តិការបន្ទាប់ពីការវិនិយោគ។

លោក អ៉ឹម សិទ្ធីរ៉ា បានបន្ថែមថា ចំពោះផលប៉ះពាល់នៃគម្រោងនេះយើងនឹងអនុវត្តទៅតាមគោលការច្បាប់នៃផលប៉ះពាល់ ដោយកិច្ចសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចឱ្យបានជោគជ័យនៃគម្រោងនេះ៕