(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញដល់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ពិនិត្យលទ្ធភាពក្នុងការពង្រីកការហោះហើរត្រង់ទៅមកទីក្រុងផ្សេងទៀតនៃប្រទេសចិន ក៏ដូចជាប្រទេសឥណ្ឌា និងទីផ្សារទេសចរណ៍សំខាន់ៗដទៃទៀតនៃពិភពលោក។

ការស្នើនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី សុខ សូកេន ទទួលជំនួបសម្តែងការគួរសមពីលោកស្រី ជាំង អ៊ីហ្វី (JIANG YIFEI)នាយកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពធន់។

លោករដ្ឋមន្ត្រី សុខ សូកេន បានអបអរសាទរចំពោះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ដែលបានដំណើរការជើងហោះហើរចំនួនប្រមាណ២,៥០០ជើង ជាមួយនឹងអ្នកដំណើរជាង២៥០,០០០នាក់ក្នុងឆ្នាំ២០២៣។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ពិនិត្យលទ្ធភាពលើដំណើរការជើងហោះហើរត្រង់ទៅមកទីក្រុង/ខេត្តផ្សេងទៀតនាំប្រទេសចិន ក៏ដូចជាប្រទេសឥណ្ឌា និងទីផ្សារទេសចរណ៍សំខាន់ៗផ្សេងទៀតមកកាន់ប្រទេសកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការសំខាន់ៗរបស់កម្ពុជានៅក្នុងឆ្នាំ២០២៤នេះ ក្នុងនោះមាន «យុទ្ធនាការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤» «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន» និង «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់តំបន់ និងពិភពលោក។

លោកស្រី ជាំង អ៊ីហ្វី បានទទួលនូវសំណើនេះនិងប្ដេជ្ញាខិតខំជំរុញកិច្ចការនេះតាមលទ្ធភាពដែលអាចធ្វើទៅបាន និងប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានបានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥-Build” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds”។

លោកស្រី ជាំង អ៊ីហ្វី ក៏បានកោតសរសើរចំពោះចក្ខុវិស័យ និងការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការអនុវត្តវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី៕