(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌចំការមន នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបានណែនាំដល់មន្រ្តីនគរបាលទាំងពីរខណ្ឌ ត្រូវផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន ដើម្បីក្តាប់សភាពការណ៍ចេញប្រតិបត្តិការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសមានប្រសិទ្ធភាព។

លោកស្នងការ ក៏បានណែនាំដល់មន្ត្រីនគរបាលត្រូវបង្កើនយកចិត្តទុកដាក់ការចុះពង្រឹងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីឲ្យមូលដ្ឋានកាន់តែមានសុខសុវត្ថិភាព និងត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងវិធានការជំនាញច្បាស់លាស់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានជំរុញឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំងពីរ ត្រូវខិតខំស្រាវជ្រាវបង្រ្កាបបទល្មើសនៅសេសសល់ឲ្យបាន មិនត្រូវទុកចោលបទល្មើសមិនចាត់ការនោះទេ និងបានណែនាំឲ្យមានការគ្រប់គ្រងកម្លាំង សម្ភារៈ មធ្យោបាយឲ្យបានដើម្បីការអនុវត្តភារកិច្ចជោគជ័យ។

ជាមួយគ្នានោះ លោកក៏បានណែនាំឲ្យមន្រ្តីនគរបាលយុត្តិធម៌ត្រូវយល់ពីភារកិច្ចរបស់ខ្លួន និងការពង្រឹងការយល់ដឹងច្បាប់និងការអនុវត្តនីតិវិធី និងបានណែនាំឲ្យមានការបំពេញភារកិច្ចតាមឋានានុក្រម និងបែងចែកវេនល្បាតប្រចាំការអនុវត្តជាប្រចាំ។

សូមបញ្ជាក់ថា ពិធីសំណេះសំណាលដែរមានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំងពីរ និងលោក-លោកស្រីអធិការរង លោកនាយ ផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងចំការមនជាច្រើនរូបផងដែរ៕