(ប៉ារីស, បារាំង)៖ សាលា Ecole 42 របស់បារាំង កំពុងរៀបចំបើកការបណ្តុះបណ្តាលនៅកម្ពុជា។
ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយលោកស្រី Sophie Viger នាយិកាសាលា Ecole 42 ពេលចូលជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងជំនួបនោះ លោកស្រីនាយិកា Sophie Viger បានជម្រាបលោកឧបនាយករដ្ឋមន្ត្រីអំពីសកម្មភាពបណ្តុះបណ្តាលរបស់សាលា Ecole 42 ដែលជាស្ថាប័នអប់រំមានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា ដែលផ្តល់នូវការសិក្សាដោយឥតគិតថ្លៃ ជាមួយគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវជំនាញ និងចំណេះដឹងសម្រាប់អាជីពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ។ គម្រូនៃកម្មវិធីអប់រំរបស់សាលា Ecole 42 គឺផ្តោតលើការរៀនសូត្របន្ត និងជាមួយមិត្តភក្តិ ដែលជាសិស្សានុសិស្សដូចគ្នា ដោយមានកិច្ចសហការ និងការជួយគ្នាទៅវិញទៅមកក្នុងការសិក្សារៀនសូត្រ។ ដោយឡែកនៅកម្ពុជា សាលា Ecole 42 បាននិងកំពុងសហការជាមួយដៃគូក្នុងស្រុក ដើម្បីរៀបចំដំណើរការនៃកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញក្តីរីករាយ និងស្វាគមន៍ចំពោះវត្តមានរបស់សាលា Ecole 42 នៅកម្ពុជា ព្រមទាំងបានលេីកទឹកចិត្តឱ្យសាលាខិតខំជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវដំណើរការនៃការអប់រំ និងបណ្តុះបណ្តាលរបស់ខ្លួន សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមដំណើរវិវឌ្ឍជឿនលឿននៃបច្ចេកវិទ្យាក្នុងសម័យកាលបច្ចុប្បន្ន និងតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារនៅកម្ពុជា៕