(ភ្នំពេញ)៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងអាជ្ញាធរមីន ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌ នៅទីស្នាក់ការអាជ្ញាធរមីន។

ពិធីចុះអនុស្សរណៈយោគយល់នេះ ក្រសួងការបរទេសចិនតំណាងដោយ លោក MA Shengkun អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន និងអាជ្ញាធរមីន តំណាងដោយលោក ស៊ុយ ជីហ៊ាង អនុប្រធានអាជ្ញាធរមីន ដោយមានការចូលរួមពីលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា តំណាងក្រសួងការបរទេសកម្ពុជា ក្រសួងការពារជាតិ ទីស្តីការគណៈរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអាជ្ញាធរមីន។

ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា អនុស្សរណៈនៃការយោគយល់ រវាងក្រសួងការបរទេសចិន និងអាជ្ញាធរមីន នេះ ពិតជាបានរួមចំណែក និងមានសារៈសំខាន់ណាស់សម្រាប់សកម្មភាពមីននៅកម្ពុជា ស្របតាមចក្ខុវិស័យ និងការតាំងចិត្តខ្ពស់របស់សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការកាត់បន្ថយហានិភ័យនានាដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅតាមសហគមន៍ សង្រ្កោះជីវិតប្រជាជន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោកទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះប្រទេសចិន ដែលបានចាត់ទុកការបង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌ ជាគោលដៅកិច្ចសហប្រតិបត្តិការអាទិភាពមួយ សម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល។

តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត, លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ លោក MA Shengkun និងគណៈប្រតិភូ ពិតជាបានឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនយើងទាំងពីរ ព្រមទាំងបានថ្លែងអរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃប្រទេសចិន ដែលបានផ្តល់ទំនុកចិត្ត និងផ្តល់ការគាំទ្រទាំងថវិកា និងសម្ភារ រួមទាំងការផ្តល់ការបណ្តុះបណ្តាលជារៀងរាល់ឆ្នាំ ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា រយៈពេលជាង៣០ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងវិស័យសកម្មភាពមីន ជួយសង្រ្គោះអាយុជីវិត និងបានប្រែក្លាយដីចម្ការមីន ឱ្យក្លាយជាដីដាំដុះធ្វើស្រែចម្ការ លំនៅដ្ឋាន និងដីដែលផ្តល់នូវប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ប្រទេសចិនគឹជាប្រទេសមួយដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវសមិទ្ធផលទាំងនេះ។ ជាក់ស្តែង ចាប់ពីឆ្នាំ២០១៨ ប្រទេសចិន បានផ្តល់ហរិញ្ញប្បទានឥតសំណងចំនួន ១៤,៤ លានដុល្លារអាមេរិក និងបានធ្វើការបោសសម្អាតមីន និងគ្រាប់ ក្នុងទំហំផ្ទៃដីជាង ១០៧ គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកំទេចចោលមីន និងគ្រាប់ចំនួន ៧៧.៩៥៤ គ្រាប់ ព្រមទាំងបានផ្តល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋប្រមាណជា ១.៥ លាននាក់។

ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យប្រទេសចិនបន្តជួយគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមការស្នើសុំរបស់មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា(ស៊ីម៉ាក់)។

លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលតែងតែដឹកនាំ ខិតខំប្រឹងប្រែង និងផ្តល់ការគាំទ្រដោយផ្ទាល់ដល់វិស័យសកម្មភាពមីននៅកម្ពុជា ដើម្បីសម្រេចឲ្យបាន «កម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥»។ នៅឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជានឹងអាចទទួលបានជោគជ័យក្នុងផែនការបោសសម្អាតមីនឱ្យអស់ពីទឹកដី ដែលក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ដែលជាសេនាធិការតែមួយគត់ ក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួល វិស័យសកម្មភាពមីនទូទាំងប្រទេស ត្រូវការជាចំាំបាច់នូវជំនួយពីមហាមិត្តចិន។

ក្នុងពិធីចុះអនុស្សារណៈនេះ ភាគីចិន បានប្រគល់នូវសម្ភារមួយចំនួន ជូនមកអាជ្ញាធរមីន ដើម្បីចាត់ចែង និងបម្រើក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រួមមាន៖ តង់ ៣០០ គ្រឿង ម៉ាស៊ីនរាវមីន ៩០ គ្រឿង សម្ភារៈដោះមីន ៩០ គ្រឿង សម្ភារៈសុវត្ថិភាពដោះមីន ៩០ កំប្លេរ កុំព្យូទ័រយួរដៃ ២០ គ្រឿង និង Tablet ២០ គ្រឿង៕