(ភ្នំពេញ)៖ លោក MA Shangkun អគ្គនាយករងនាយកដ្ឋានគ្រប់គ្រងអាវុធ ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ពិតជាមានអត្ថប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ហើយក៏មានផលប្រយោជន៍សម្រាប់ស្ថិរភាពសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ កិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីន ពិតជាផ្នែកសំខាន់នៃប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយប្រទេសកម្ពុជា ជាប្រទេសសំខាន់ ដែលភាគីចិនផ្តល់ជំនួយ។
ការថ្លែងបែបនេះរបស់លោក MA Shangkun បានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសលោកបានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរអញ្ជើញមកដល់របស់ប្រតិភូនាពេលនេះ និងបានពាំនាំពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, នាយកឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ។
កម្ពុជា-ចិន មានចំណងមិត្តភាពល្អយូរណាស់មកហើយ និងបានបន្តជាមិត្តល្អ មិត្តដែកថែប រហូត់មកដល់បច្ចុប្បន្ន និងថ្ងៃអនាគត។ កម្ពុជា-ចិន បានពង្រីងកម្រិតកិច្ចសហប្រតិបត្តិការពីទ្វេភាគី មកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ កងកម្លាំងនៃប្រទេសទាំងពីរ ដែលបំពេញបេសកកម្មនៅសាធារណរដ្ឋម៉ាលី លីបង់ និងស៊ូដង់ខាងត្បូង ក៏មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាផងដែរ ជាក់ស្តែងនាអំពេលជំងឺរាតត្បាតកូវីដ-១៩ កងកម្លាំង កម្ពុជា-ចិន បានសហការគ្នាយ៉ាងល្អ ក្នុងទប់ស្កាត់ និងចាក់វ៉ាក់សាំងការពារជំងឺកាចសាហាវនៅតំបន់បេសកកម្ម។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី មិនភ្លេចឡើយនូវគុណដ៏ធំធេងរបស់មិត្តចិន ដែលបានជួយកម្ពុជាយ៉ាងសស្រាក់សស្រាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសការផ្តល់វ៉ាក់សាំងការពារជំងឺនេះ។
ទន្ទឹមនោះ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានយកចិត្តទុកដាក់ផ្តល់វគ្គហ្វឹកហ្វឺនទាំងក្នុងនិងក្រៅប្រទេស ដល់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាព។
ទោះជាយ៉ាងនេះក្តី ចំណុចខ្វះខាតក៏នៅតែមាន ដូច្នេះ នាយឧត្តមសេនីយ៍ បានស្នើសុំបន្ថែមនូវវគ្គហ្វឹកហ្វឺន ដោយបង្កើនរយៈពេលពី ខ្លី មកធម្យម និងពីមធ្យម មករយៈពេលវែង និងបានស្នើសុំ សម្ភារៈ EOD បោសសម្អាតមីន និងគ្រឿងបំពាក់ក្នុងថ្នាក់សិក្សា ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី ឆ្នាំ២០២៤-២០២៥។
លោក MA Shangkun បានបង្ហាញសេចក្តីរីករាយ ក្នុងការអញ្ជើញមកទស្សនកិច្ចកម្ពុជា និងបានលើកឡើងថា កម្ពុជា ជាមិត្តយ៉ាងល្អ ជាមិត្តរួមសុខ រួមទុក្ខ និងជាបងប្អូនយ៉ាងស្មោះត្រង់។
ជាមួយគ្នានោះ លោក MA Shangkun រីករាយនឹងទទួលយកសំណើររបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី និងបានប្តេជ្ញាចិត្តបន្តផ្តល់ជំនួយ និងគាំទ្រកម្ពុជាឱ្យអស់ពីលទ្ធភាព។ ក្នុងនាមជាមិត្តដែកថែប ជាបងប្អូន និងជាអ្នកជិតខាងល្អ ភាគីចិន នឹងបន្តការគាំទ្រ និងជំរុញភាគីកម្ពុជា លើវិស័យសម្អាតមីន ដើម្បីជួយកម្ពុជា សម្រេចបានគោលដៅកម្ពុជាគ្មានមីន ឆ្នាំ២០២៥។
លោក MA Shangkun ក៏បានបង្ហាញការរីករាយ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ យកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការបោសសម្អាតមីន ហើយលោកជឿជាក់ថា ចំណងមិត្តភាព នៃប្រទេសទាំងនឹងកាន់តែរឹងមាំបន្តទៅមុខទៀត៕
http://image.freshnewsasia.com/2021/id-025/fn-2024-01-18-11-34-43-0.JPG