(បន្ទាយមានជ័យ)៖ ក្រុមការងារទី២ គណៈកម្មការចំពោះកិច្ចចុះត្រួតពិនិត្យ និងណែនាំពង្រឹងវិធានការដល់ស្ថាប័នសមត្ថកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ គណៈកម្មការចំពោះកិច្ច នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អមដំណើរដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងមន្ត្រីមុខការមួយចំនួន បានអញ្ជើញចុះមកត្រួតពិនិត្យបញ្ជរប្រថាប់ត្រាបណ្ណព្រំដែន ដែលប៉ុស្តិ៍ទើបបានធ្វើការសាងសង់បន្ថែមចំនួន ១៤បញ្ជរ។

ក្នុងនោះ ០៥បញ្ជរ នៅផ្នែកបណ្ណព្រំដែនចេញពីប្រទេសសម្រាប់ប្រជាពលរដ្ឋទូទៅ និង ០៩បញ្ជរទៀត (ចេញ០៥ ចូល០៤) សង់ស្របតាមដងផ្លូវក្រោមអគារសម្រាប់ប្រជាពលរដ្ឋខ្មែរ-ថៃ ប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ជាមធ្យោបាយចេញ-ចូលប្រទេសប្រចាំថ្ងៃ។ គោលបំណង ដែលប៉ុស្តិ៍សាងសង់បញ្ជរប្រថាប់ត្រាបណ្ណព្រំដែនបន្ថែម គឺដើម្បីពន្លឿនការប្រថាប់ត្រាបណ្ណព្រំដែនជូនអ្នកដំណើរចេញ-ចូលប្រទេសឱ្យបានឆាប់រហ័សគ្មានការកកស្ទះ ជាពិសេសបង្កភាពងាយស្រួលដល់ជនពិការ អ្នកជំងឺ ស្រ្តីមានផ្ទៃពោះ កុមារ ចាស់ជរា ព្រះសង្ឃ និងសិក្សានុសិស្ស។

បន្ទាប់មក លោក សៀក សុជាតិ បានជួបសំណេះសំណាលជាមួយមន្ត្រីពាក់ព័ន្ធនៅអគារថ្មី និងបានលើកយកប្រសាសន៍ដឹកនាំ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច ជូនដល់អង្គប្រជុំជ្រាប ព្រមទាំងបានសំណូមពរដល់មន្រ្តីប៉ុស្តិ៍ ឱ្យបង្កើនការយកចិត្តទុកដាក់ លើការបម្រើសេវាជូនអ្នកដំណើរចេញ-ចូល ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកក៏បានវាយតម្លៃខ្ពស់នូវការខិតខំយកចិត្តទុកដាក់បម្រើសេវា ជូនអ្នកដំណើរជាតិ-អន្តរជាតិរបស់កងកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាពេលកន្លងមក៕